
ទិន្នន័យបញ្ចេញដោយអង្គការសហប្រជាជាតិ(U.N)កាលពីថ្ងៃពុធ បង្ហាញថា ឥណ្ឌាស្ថិតលើវិថីឆ្ពោះទៅរកការដណ្តើមតំណែងពីចិនជាប្រទេសមានប្រជាពលរដ្ឋច្រើនជាងគេបំផុតនៅលើពិភពលោក នាពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខនេះ ពោលគឺឥណ្ឌា នឹងមានប្រជាពលរដ្ឋច្រើនជាងចិនជិត ៣លាននាក់។
របាយការណ៍ State of World Population របស់មូលនិធិចំនួនប្រជាពលរដ្ឋអង្គការសហប្រជាជាតិ(UNFPA)ក្នុងឆ្នាំនេះបង្ហាញថា គេប៉ាន់ស្មានថា ប្រជាពលរដ្ឋឥណ្ឌា នឹងមានចំនួនជាង ១.៤២៨លាននាក់ ខណៈដែលពលរដ្ឋចិនមានចំនួនជាង ១.៤២៥លាននាក់។
ក្រុមអ្នកជំនាញប្រជាពលរដ្ឋដែលប្រើប្រាស់ទិន្នន័យលើកមុនរបស់ U.N បានព្យាករណ៍ថា ឥណ្ឌា នឹងឈ្នះចិននៅក្នុងខែនេះ ប៉ុន្តែរបាយការណ៍ចុងក្រោយរបស់ U.Nពុំបានបញ្ជាក់ពីកាលបរិច្ឆេតច្បាស់លាស់នោះទេ។
លោក Sarthak Arora គឺជាពលរដ្ឋមួយរូបរស់នៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា និយាយថា ចំនួនប្រជាជនលើស ឬច្រើនលើសចំណុះ គឺជាកត្តាបន្ទាបបន្ថោកកិត្តិយសមួយសម្រាប់អនុទ្វីបរបស់ពួកយើង ដោយសារតែធនធានធម្មជាតិក្រក្សត់ ចំពេលដែលចំនួនពលរដ្ឋកើនឡើង។
ក្រុមមន្រ្តីសិក្សាចំនួនពលរដ្ឋរបស់ U.N និយាយថា ពួកគេមិនអាចផ្តល់កាលបរិច្ឆេតច្បាស់លាស់បាននោះទេ ដោយសារតែភាពមិនច្បាស់លាស់ពីឥណ្ឌា និងចិន ស្របពេលដែលការជំរឿនចុងក្រោយរបស់ឥណ្ឌា ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១១ ហើយជំរឿនបន្ទាប់ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារតែការរីករាលដាលឆ្លងសកលជំងឺ COVID-19៕
