សហភាពមីយ៉ាម៉ា៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងរ៉ង់ហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ផ្ដើមពិធីដង្ហែ ដោយមានអ្នកចូលរួមរត់ដង្ហែ និងអបអរសាទរតាមដងផ្លូវប្រមាណជាង ១,៣០០នាក់ ។
ពិធីដង្ហែដឹកនាំដោយបេសកជនពិសេសកម្ពុជា ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងឯកឧត្តម Minn Thein Zan រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា រួមទាំងថ្នាក់ដឹកនាំជាច្រើនផងដែរ។
ឯកឧត្តម ហោ សារុន មានប្រសាសន៍ថា កីឡាបានក្លាយជាចំណងយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រទេសនីមួយៗ មិនថាយើងស្ថិត នៅទីណា ឬយើងជានរណាឡើយ។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កីឡាជាចំណុចបង្កើតមិត្តភាព ដោយគ្មានដែនកំណត់។ កីឡាផ្តល់អត្ថប្រយោជន៍លើសពីការថែរក្សាសុខភាព ដោយកីឡាបានថែរក្សាទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកកាន់តែរឹងមាំ។
ឯកឧត្តមបេសកជនពិសេសបន្តថា ការប្រារព្ធពិធីដង្ហែព្រះអគ្គីកីឡានៅថ្ងៃនេះគឺជា វិធីដ៏ល្អមួយក្នុងការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ជាមួយប្រទេសជាមិត្តរបស់កម្ពុជានៅក្នុងតំបន់។
ព្រះអគ្គីកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវបានព្រះរាជប្រទានដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ប្រាសាទអង្គរវត្ត ដែលជាទីកន្លែងចាប់ផ្តើមពិធីដង្ហែដំបូងគេបន្ទាប់ពីទទួលបានព្រះរាជប្រទាន។
នៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កីឡារបស់យើងរស់ក្នុងសន្តិភាព ហើយឥឡូវនេះយើងមានមោទនភាពសូម ប្រកាសថា កម្ពុជាឆ្នាំ២០២៣ បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ អ្វីដែលពិសេសនោះគឺព្រឹត្តិការណ៍ប្រកួតនេះអនុញ្ញាតឲ្យ ចូលទស្សនាដោយឥតគិតថ្លៃ ផ្សាយបន្តផ្ទាល់ដោយមិនគិតថ្លៃ រួមជាមួយការមិនតម្រូវឲ្យប្រតិភូកីឡាមិនបង់ ប្រាក់ផងដែរ។
សូមអញ្ជើញអ្នកគាំទ្រមីយ៉ាន់ម៉ា មកកាន់កម្ពុជា និងបង្ហាញការគាំទ្រដល់ក្រុមកីឡាករមីយ៉ាន់ម៉ា។
បន្ទាប់ពីនេះគប់ភ្លើងអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម នឹងបន្តដំណើរទៅកាន់ប្រទេសឡាវ ដែលជាប្រទេសគោលដៅចុងក្រោយក្នុងអាស៊ានមុនមកកម្ពុជា រត់ជុំវិញបឹងទន្លេសាប រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលថ្ងៃបើកការប្រកួតផ្លូវការ៕



