បាត់ដំបង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តដឹកឥដ្ឋ បានចុះចំណោតភ្នំព្រឹក ហើយអ្នកបើកបរជាន់ហ្រ្វាំងមិនស៊ី ក៏ក្រឡប់ផ្ងើជើង បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន ៥នាក់ បានរងរបួសធ្ងន់ស្រាល ដែលហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លើផ្លូវលេខ៥៩ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ។
សមត្ថកិច្ចស្រុកភ្នំព្រឹក បានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ញ០៤៧៤ ភព-៣ អ្នកបើកបរឈ្មោះ សួរ ម៉ៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកោ ឃុំត្របាត ស្រុកក្រឡាញ់ ខេត្តសៀមរាប របួសស្រាល និងអ្នករួមដំណើរចំនួន៤នាក់ទី១. ឈ្មោះ រ៉ាត ភេទប្រុស អាយុប្រហែល៤០ឆ្នាំ របួសធ្ងន់, ទី២. ឈ្មោះ ឡា ភេទប្រុស អាយុ១៧ឆ្នាំ របួសធ្ងន់, ទី៣. ឈ្មោះ បឿត សាវង្ស ភេទស្រី អាយុ៣០ឆ្នាំ របួសធ្ងន់ និងទី៤. ឈ្មោះ ព្រាម ត្រប់ ភេទប្រុស អាយុ៣៣ឆ្នាំ របួសស្រាល ដោយពួកគេរស់នៅភូមិឃុំជាមួយអ្នកបើកបររថយន្តដែរ ។
ប្រភពពីពលរដ្ឋ បានឃើញហេតុការណ៍ បានឲ្យដឹងថា មុឲនពេលកើតហេតុគេឃើញរថយន្តដឹកឥដ្ឋខាងលើ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវកោងចុះចំណោទភ្នំព្រឹក ក៏ជាន់ហ្វ្រាំងអត់ស៊ីក៏បណ្តាលឲ្យក្រឡាប់ និងបណ្ដាលឲ្យមានមនុស្សរងរបួសនេះ ខណៈ រថយន្តខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុរួចអ្នករបួសបានបញ្ចូនទៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន ដើម្បីឲ្យគ្រូពេទ្យសង្រ្គោះ ចំណែករថយន្តត្រូវបានស្ទូចយកទៅរក្សាទុក ដើម្បីដោះស្រាយនៅពេលក្រោយ ។
គ្រោះបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក៏មានគ្រោះថ្នាក់ចរាចរណ៍មួយផងដែរ នៅចំណុចភ្នំព្រឹកនេះ ដោយរថយន្តធុនធ្ងន់ដឹកអង្ករ ១គ្រឿង បានចុះពីលើភ្នំ ហើយក្រឡាប់ បណ្ដាលឲ្យមនុស្សចំនួន ៤នាក់ បានស្លាប់បាត់បង់ជីវិត ៕អត្ថបទ ៖ សារិទ្ធ




