ភ្នំពេញ៖ ក្រុមសិល្បករ សិល្បការិនី សរុបប្រមាណ ៣៣០០នាក់ ក្នុងនោះ មានក្រុមសិស្សក្មេងៗ ជិត៦០០នាក់របស់សាលាមធ្យមវិចិត្រសិល្បៈ បានបង្កើនហាត់សម របាំសិល្បៈ ការដើរចូលជាក្បួនគ្នា បង្ហាញទម្រង់សិល្បៈជានានាត្រៀមបើកព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES លើកទី៣២ និងASEAN PARA GAMES លើកទី១២ ខណៈថ្ងៃបើកគឺនៅសល់១៤ថ្ងៃទៀតនោះទេ នឹងឈានចូលមកដល់។
បើតាមក្រុមសិល្បៈមកពីសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ថា នៅពេលនេះ ក្រុមសិល្បៈទាំងអស់គ្នា បានបង្កើនការហាត់សមបង្ហាញសិល្បៈខ្មែរប្លែកៗជាច្រើនទម្រង់ នៅលើទីលានជាក់ស្តែង រហូតដល់ម៉ោង១០យប់ ដើម្បីត្រៀមបើកព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES ដែលមកដល់ថ្ងៃទី២១ ខែមេសានេះ គឺនៅសល់ប្រមាណតែ ១៤ថ្ងៃទៀតប៉ុណ្ណោះ។
បើតាម ឯកឧត្តម ហេង កំសាន្ត នាយកសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានថ្លែងថា រហូតមកដល់នេះ ក្រុមសិល្បៈសាលាមធ្យមវិចិត្រសិល្បៈ ជាង៥៨០នាក់ បាននាំគា្នហាត់សមឈានដល់ដំណាក់កាល ការហាត់ដើរចូលក្បួនរួមគ្នានៅលើទីលានជាក់ស្តែង ជាមួយក្រុមសិល្បៈកងទ័ពកងយោធពលខេមរភូមិន្ទជាច្រើនរូប ដែលយើងមើលទិដ្ឋភាពរួមនឹងការដាក់ភ្លើងពណ៌នៅពេលយប់ គឺមានភាពប្លែកស្អាតអស្ចារ្យ ហើយនៅពេលនេះក្រុមសិល្បៈទាំងអស់គ្នា បានបង្កើនការហាត់សម ដើម្បីឲ្យទិដ្ឋភាពសិល្បៈ នៅថ្ងៃបើកព្រឹត្តិការណ៍SEA GAMES គឺមានទិដ្ឋភាពកាន់តែអស្ចារ្យ ហើយមានភាពអច្ឆរិយឧត្ដុង្គឧត្ដមក្រោមម្លប់សន្តិភាពរបស់កម្ពុជា។
ឯកឧត្ដម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្នុងឱកាសជំនួបសំណេះសំណាលជាមួយក្រុមសិល្បៈ បានថ្លែងថា ការហាត់សមសម្តែងទស្សនីយភាពសិល្បៈសម្រាប់ពិធីបើក ដែលមានរយៈពេលសម្តែងជិត១ម៉ោង ដែលមានបែងចែកជា៥វគ្គរួមមាន៖ សំដែងទស្សនីយភាពសិល្បៈ ការកកើតទឹកដី, ភាពរុងរឿងនៃសម័យ, ស្នាមញញឹមខ្មែរ, អនាគតកម្ពុជា, សហគមជោគវាសនាតែមួយដែលមានសិល្បករសិល្បការិនីក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ សិស្ស និស្សិត និងកងទ័ពកងយោធពលខេមរភូមិន្ទ ចូលរួមសរុបជិត៣៣០០នាក់ ក្នុងនោះនារីជាង ៦០០នាក់៕អត្ថបទ ស៊ុម សុខជា