ភ្នំពេញ៖ ព្រះសង្ឃគណៈកម្មការ និងរដ្ឋបាលរាជធានីភ្នំពេញ ប្រជាពុទ្ធបរិស័ទ បានរៀបចំត្រៀមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមតករបស់អ្នកឧកញ៉ា មហាភកី្តសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
ព្រះសាក្យវង្សបណ្ឌិត ស៊ីម សារ៉ាន ព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង មានព្រះថេរដីកាប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះថា វត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង គិតមកដល់ពេលនេះ មានអាយុកាល៥០ឆ្នាំ។ នេះជាលើកទី២ហើយ ដែលវត្តបានប្រារព្ធពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា គឺនៅក្នុងឆ្នាំ១៩៩៨ បានបញ្ចុះខណ្ឌសីមា ព្រះវិហារម្តង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រហូតមកដល់បច្ចុប្បន្ននេះ ព្រះវិហារនោះ ក៏មានសភាពទ្រុឌទ្រោមបាក់ស្រុត ក៏ព្រះចៅអធិការវត្ត និងគណៈកម្មការ ក្រោមការឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្រី្ត និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏បានកសាងព្រះវិហារថ្មីនេះឡើងវិញ នៅចុងឆ្នាំ២០១៦ រហូតមកដល់សព្វថ្ងៃនេះ បានរួចរាល់ជាស្ថាពរ ហើយក៏បានកំណត់ប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមានេះឡើង ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២១ រហូតដល់ព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ និងប្រារព្ធពិធីកាត់ឬសសីមា ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ស្របពេលដែលវត្តព្រះបារមីវង្គតបុរី ប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង សូមចម្រើនពរ សម្តេចទ្រង់ ឯកឧត្តម លោកជំទាវ ញាតិញោមពុទ្ធបរិស័ទ ទាំងអស់ អញ្ជើញមកចូលរួមធ្វើបុណ្យបញ្ចុះខណ្ឌសីមា នៅក្នុងវត្តឲ្យបានច្រើន ដើម្បីទទួលយកផល្លានិសង្ឃរៀងៗខ្លួន និងសូមឧទិ្ទសបុណ្យកុសលនេះ ទៅដល់បុព្វការីជនរៀងៗខ្លួន។
ម្យ៉ាងវិញទៀតមហាកុសលដែលកើតឡើងតាមរយៈពិធីបុណ្យ ក្នុងនាមព្រះសង្ឃ គណៈកម្មការ អាចារ្យ ជាពិសេសក្នុងនាមព្រះចៅអធិការវត្ត សូមលើកជាមហាកុសល និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធរបស់អ្នកឧកញ៉ា មហាភកី្តសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សូមឲ្យលោកទាំងទ្វេរមកអនុមោទនាបុណ្យកុសលក្នុងឱកាសពេលនេះ ហើយបានទៅកើតទេវលោកសួគ៌គ្រប់ៗជាតិ កុំបីអាក់ខានឡើយ ។
ម្យ៉ាងវិញទៀតនោះ ក៏សូមលើកជាមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងលោកតា មហាឧបាសក លីន គ្រី ព្រមទាំងញាតិការទាំង៧សន្តានរបស់សម្តេចទាំងទ្វេរ បានអនុមោទនាបុណ្យកុសលនេះ បានទៅកើតក្នុងឋានបរមសុខកុំបីអាក់ខានឡើយ ហើយបែរភ័ក្រ្តងាកក្រោយឲ្យពរ សព្វសារធុកាដល់ក្រុមគ្រួសាររបស់សម្តេចទាំងទ្វេរ ផងដែរ៕អត្ថបទ រដ្ឋា













