កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបិទខ្ទប់ភូមិពីរនៅក្នុងស្រុកបសេដ្ឋ បន្ទាប់ពីរកឃើញមនុស្សមួយចំនួនឆ្លងមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ រដ្ឋបាលកំពង់ស្ពឺបានបញ្ជាក់ថា បិទខ្ទប់ជាបណ្ដោះអាសន្នភូមិត្រពាំងទន្លាប់ និងមួយផ្នែកនៃភូមិព្រៃស្រឡែង ស្ថិតក្នុងឃុំទួលអំពិល នៃស្រុកបសេដ្ឋ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៧ ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
បើតាមសេចក្ដីសម្រេចនេះ រដ្ឋបាលខេត្តកំពង់ស្ពឺហាមឃាត់រាល់ការធ្វើដំណើរចេញ ឬចូលក្នុងភូមិទាំងពីរនេះ ហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស ហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មផ្សេងៗដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។
រដ្ឋបាលខេត្តនេះ ក៏បានដាក់បម្រាមគោចរ ឬហាមឃាត់ការធ្វើដំណើរនៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹកផងដែរ។
ប៉ុន្តែ រដ្ឋបាលខេត្តកំពង់ស្ពឺក៏ផ្ដល់ការលើកលែងចំពោះការធ្វើដំណើរចាំបាច់ ឬបន្ទាន់ ការជួបជុំមួយចំនួន និងការបើកដំណើរការអាជីវកម្មដែលជាតម្រូវការចាំបាច់មួយចំនួន ដែលអាជ្ញាធរមូលដ្ឋានអនុញ្ញាត។
ក្នុងសេចក្ដីជូនដំណឹងមួយទៀតរបស់ខ្លួន រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសពីការរកឃើញកុមារា ២នាក់ មានម្នាក់អាយុ ៣ឆ្នាំ និងម្នាក់ទៀតអាយុ ៨ឆ្នាំ នៅក្នុងភូមិត្រពាំងទម្លាប់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩។
បើតាមរបាយការណ៍ក្រសួងសុខាភិបាល ខេត្តកំពង់ស្ពឺរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ៧៤នាក់ហើយគិតត្រឹមថ្ងៃនេះ៕