ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូ កំពុងធ្វើការសិក្សាស្រាវជ្រាវពីបញ្ហាប្រឈម នៃប្រព័ន្ធស្បៀង នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាដោះស្រាយ ដោយបានចាប់ផ្ដើមជាដំបូងនៅខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារ។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីប្រព័ន្ធស្បៀង នៅថ្ងៃទ២១ ខែមេសា នេះ លោក ហ៊ូ ក្រើន នាយកប្រចាំកម្ពុជា អង្គការហេឡែន ខេលល័រ បានលើកឡើងថា គោលបំណងនៃការសិក្សាស្រាវជ្រាវពី បញ្ហាស្បៀងនៅកម្ពុជា ដើម្បីត្រួតពិនិត្យពីចំណុចអ្វីខ្លះ ជាបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រព័ន្ធស្បៀង រួមទាំងប្រមូលនូវធាតុចូល នៃកិច្ចពិគ្រោះយោបល់នេះបញ្ចូលគ្នា ហើយស្នើដល់ម្ចាស់ជំនួយ ជួយទៅលើប្រព័ន្ធស្បៀងនេះ។
លោកបានបន្តថា បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវប្រមាណ ៤ខែ បានរកឃើញបញ្ហាមួយចំនួន សម្រាប់អ្នកបរិភោគអាហារ ក្នុងនោះមានកុមារក្រោមអាយុ ៥ឆ្នាំ ដែលជាគោលដៅមួយដ៏សំខាន់ សម្រាប់អាហារូបត្ថម្ភ។
ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរងក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បាន បញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធស្បៀង រាជរដ្ឋាភិបាល បានដាក់ចេញនូវអាទិភាពចំនួន៤ ដែលទី១. ការលើកកម្ពស់របបអាហារសុខភាព, ទី២. ការលើកកម្ពស់ជនងាយរងគ្រោះ និងស្រ្តី, ទី៣. ការពង្រឹងនូវភាពធន់ទៅលើមុខរបរចិញ្ចឹមជីវិត និងប្រព័ន្ធស្បៀង និងទី៤. ការលើកកម្ពស់អភិបាលកិច្ចប្រកបដោយបរិយាប័ន្ន ខណៈស្បៀងអាហារនៅកម្ពុជា មិនមានការខ្វះខាត តែរហូតដល់មានការនាំចេញទៀតផង។
គួរបញ្ជាក់ថា សិក្ខាសាលាដែលមានរយៈពេលមួយព្រឹកនេះ មានក្រសួងស្ថាប័ន និងអង្គការដៃគូមួយចំនួន បានឲ្យយោបល់ជាច្រើនចំណុច ចំពោះការលើកកម្ពស់ប្រព័ន្ធស្បៀងនៅកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរ៕ អត្ថបទ៖ បាន សុខរិទ្ធិ