
នគរបាលកំពុងស៊ើបអង្កេតការលួចមាសនៅអាកាសយានដ្ឋានអន្តរជាតិ Toronto Pearson ជាទីតាំងប្រើដើម្បីដឹកជញ្ជូន រ៉ែមាសនៅក្នុងខេត្ត Ontario។
ក្រុមមន្ត្រីកាណាដាបាននិយាយថា មាស និងវត្ថុមានតម្លៃប្រមាណជាង ២០លានដុល្លារកាណាដា (១៥លានដុល្លារអាមេរិក ឬ ១២លានផោន) ត្រូវបានចោរលួចកាលពីថ្ងៃចន្ទ ទី១៧ ខែមេសា។
យន្តហោះដឹកវត្ថុ "មានតម្លៃថ្លៃខ្ពស់" មួយគ្រឿង បានចុះចតនៅឯព្រលានយន្តហោះនៅពេលល្ងាច ហើយត្រូវបានបញ្ចូនទៅកាន់កន្លែងផ្ទុកទំនិញ។ នគរបាលជឿថា នោះជាកន្លែងដែលអំពើចោរកម្ម បានកើតឡើង។
អំពើចោរកម្មនេះ អាចបង្ហាញពីការលួចដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រកាណាដា រួមទាំងការលួចទឹកស៊ីរ៉ូម៉េផលដ៏ធំរបស់កាណាដាឆ្នាំ ២០១១ និង ២០១២ នៅពេលដែលទឹកស៊ីរ៉ូចំនួន ៣.០០០តោន មានតម្លៃ ១៨.៧លានដុល្លារអាមេរិក ត្រូវបានលួចពីកន្លែងស្តុកទុកក្នុងទីក្រុងកេបិច។
សារព័ត៌មាន The Toronto Sun បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នគរបាលគិតថា ក្រុមឧក្រិដ្ឋកម្មគ្រោងទុកជាមុន មានជាប់ពាក់ព័ន្ធក្នុងករណីនេះ។ ប៉ុន្តែលោក Duivesteyn បាននិយាយថា រឿងនេះកើតឡើងឆាប់រហ័សពេក មិនអាចពិពណ៌នាបានទេ។
