
កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកកណ្ដាលស្ទឹង ដើម្បីលើកកម្ពស់លទ្ធភាពទទួល និងប្រើប្រាស់សេវាសុខភាពដោយប្រជាពលរដ្ឋ ។
ឯកឧត្ដម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើវិស័យសុខាភិបាល និងការធ្វើទំនើបកម្មវិស័យសុខាភិបាល ដោយបានវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល មានជាអាទិ៍ ការសាងសង់ថ្មី ពង្រីក និងជួសជុលប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ការផ្គត់ផ្គង់ឱសថ បរិក្ខារ និងឧបករណ៍ពេទ្យ បណ្តាញទំនាក់ទំនងព័ត៌មានវិទ្យា ទូរគមនាគមន៍ និងបច្ចេកវិទ្យា មធ្យោបាយដឹកជញ្ជូន និងរថយន្តគិលានសង្គ្រោះ បណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍន៍ សមត្ថភាពជំនាញ វិជ្ជាជីវៈ និងពង្រឹងសមត្ថភាពសេវាគាំទ្រជាសារវ័ន្ត ដូចជាសេវាមន្ទីរពិសោធន៍ សេវាផ្តល់ឈាម។ល។ ការវិនិយោគទាំងអស់នេះ បានរួមចំណែកយ៉ាងធំធេង ដល់ការលើកកម្ពស់លទ្ធភាពទទួល និងប្រើប្រាស់សេវាសុខភាពដល់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អគុណភាពនៃសេវាថែទាំសុខភាពទៀតផង។
ឯកឧត្តម បានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង នៅពេលនេះ ជាសក្ខីកម្ម នៃសមិទ្ធផលថ្មីបន្ថែមទៀត នៃវិស័យសុខាភិបាល។
តាមការឱ្យដឹង នៅក្នុងខេត្តកណ្តាល មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ១០, មន្ទីរពេទ្យបង្អែក ១១, មណ្ឌលសុខភាព ១០៦ និងប៉ុស្តិ៍សុខភាព ចំនួន៣ មានបុគ្គលិក ចំនួន១,៨០០នាក់។ ដោយឡែក ស្រុកកណ្តាលស្ទឹង មានមន្ទីរពេទ្យបង្អែក ស្រុក១ មណ្ឌលសុខភាព៧ មានបុគ្គលិក ចំនួន ១៧៣នាក់ ក្នុងនោះ បុគ្គលិកការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មាន២០នាក់ បុគ្គលិកមន្ទីរពេទ្យបង្អែក មាន ៥៨នាក់ បុគ្គលិកមណ្ឌលសុខភាព ចំនួន៩៥នាក់ ៕ អត្ថបទ៖ សៅ យ៉ាម៉ង់