ភ្នំពេញ៖ នគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានប្រគល់ម៉ូតូចំនួន ០៣គ្រឿង
ទៅឲ្យជនរងគ្រោះវិញដែលបានបាត់កន្លងមក។
ការប្រគល់ម៉ូតូនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។
គួរបញ្ជាក់ផងដែរ ក្រោយទទួលបានព័ត៌មាននិងសេចក្ដីរាយការណ៍ថាមានទីតាំងបន្ទប់ជួលមួយកន្លែងគួរឲ្យសង្ស័យ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វេីការចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចផ្ទះលេខ០៧A បន្ទប់ជួលលេខ០៤ ផ្លូវលេខ២៧០ ក្រុមទី២៤ ភូមិ៩សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញដែលជាបន្ទប់របស់ជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានជួល (គេចខ្លួនបាត់)។ក្នុងប្រតិបត្តិការត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញវត្ថុតាងក្នុងបន្ទុប មានម៉ូតូចំនួន ០៣គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន ០៤បន្ទះកូនសោរសម្រាប់ដោះដូរផ្លាកលេខ និងដូរគ្រឿងម៉ូតូមួយចំនួន។
ក្រោយប្រតិបត្តិការកម្លាំងនគរបាលខណ្ឌទួលគោកបានយកវត្ថុតាងទៅនោះមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌលគោកនិងបានបង្ហោះជាសាធារណៈបើមានបងប្អូនជនរងគ្រោះណាបានបាត់ម៉ូតូនៅភិនភាគទាំងបីគ្រឿងនេះសូមទំនាក់ទំនងមកអធិការដ្ឋាន។ ស្រាប់តែមានជនរងគ្រោះយកឯកសារមកបង្ហាញពិតជាបានបាត់ម៉ូតូភិនភាគទាំងនេះកន្លងមកពិតប្រាកដមែន៕អត្ថបទ៖ កុម្ភៈ





