ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីណែនាំបន្ថែមទៅអាជ្ញាធររាជធានី និងខេត្ត បន្ទាប់ពីសម្ដេចសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅចាប់ពីថ្ងៃព្រហស្បតិ៍ខានស្អែកនេះ។
ក្នុងសេចក្ដីណែនាំចេញនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញទៅអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ឱ្យសម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់នានាទៅដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ដើម្បីជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋស្ថិតក្នុងភូមិសាស្ត្រទាំងពីរនេះ។
ប្រមុខរាជរដ្ឋាភិបាល បានណែនាំទៅគ្រប់អភិបាលរាជធានី និងខេត្តទាំងអស់ ឱ្យរៀបចំតំបន់បិទខ្ទប់ជា ៣សំខាន់ រួមមាន«តំបន់ក្រហម» ដែលសំដៅដល់តំបន់មានការផ្ទុះការឆ្លងមេរោគកូវីដ-១៩កម្រិតធ្ងន់ធ្ងរ «តំបន់លឿងទុំ» សំដៅដល់តំបន់ប្រឈមមុខនឹងការឆ្លងមេរោគកូវីដ-១៩កម្រិតមធ្យម និង«តំបន់លឿង» ដែលសំដៅដល់តំបន់ប្រឈមមុខនឹងការឆ្លងមេរោគកូវីដ-១៩កម្រិតស្រាល។
សម្រាប់«តំបន់ក្រហម» និង«តំបន់លឿង» សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅអាជ្ញាធរទាំងអស់ ឱ្យពង្រឹងការត្រួតពិនិត្យចរាចរណ៍ចេញ-ចូលក្នុងតំបន់ទាំងពីរនេះ ដើម្បីបង្ការការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឱ្យត្រៀមបម្រុងស្បៀងអាហារទុកជាមុន សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅតំបន់ណាមួយដែលអាជ្ញាធរខេត្តនីមួយៗរៀបចំជាតំបន់បិទខ្ទប់៕