
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតក្នុងឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូល រវាងប្រទេសកម្ពុជា និងខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន មានទឹកប្រាក់ចំនួន ១.៩៧០លានយន់ កើនឡើង ៨៨.២% ធៀបនឹងឆ្នាំ២០២១។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឡាន ធានលី អភិបាលខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ នៅទីក្រុងភ្នំពេញ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការនាំចេញរបស់ខេត្តក្វាងស៊ី មកកាន់កម្ពុជា មានចំនួនប្រមាណ ១.៨៦០លានយន់ កើនឡើង ៨៨.៥%។ ដោយឡែក ការនាំចេញពីកម្ពុជាទៅខេត្តក្វាងស៊ីវិញ មានចំនួន ១១០លានយន់ កើនឡើង ៨៥.៣%។ ឯកឧត្តម បានបន្តថា គិតត្រឹមបំណាច់ឆ្នាំ២០២២ ក្រុមហ៊ុនមកពីខេត្តក្វាងស៊ី មកវិនិយោគនៅក្នុងប្រទេសកម្ពុជា (មិនមែនហិរញ្ញវត្ថុ) សរុបមានចំនួន ៥៦ក្រុមហ៊ុន។ ទំនិញសំខាន់ៗដែលខេត្តក្វាងស៊ី នាំចូលមកកម្ពុជាមាន៖ គ្រឿងបន្លាស់ម៉ាស៊ីនត្រង់ស្វូរ ម៉ាស៊ីន បិទស្រា ម៉ាស៊ីនរុំខ្សែ ជីកសិកម្ម ទុយោចរន្តអគ្គិសនី ឧបករណ៍បញ្ជូនអុបទិកជាដើម ហើយកម្ពុជានាំចេញទៅខេត្តក្វាងស៊ីវិញរួមមាន៖ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី ផលិតផលកសិកម្ម ឧបករណ៍ទប់ចរន្តអគ្គីសនី ម៉ាស៊ីនត្រង់ស្វូរ ជាដើម។ល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានរម្លឹកអំពីខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន និងបានជម្រាបជូនភ្ញៀវពីចំណងមិត្តភាពកាន់តែរឹងមាំ និងស៊ីជម្រៅឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងយល់ចិត្តថ្លើមគ្នា ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្តេជ្ញាខិតខំរួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ និងជំរុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងថែមទៀតក្នុងបណ្តាឆ្នាំខាងមុខ។ ឯកឧត្តម បន្តទៀតថា តាមរយៈចំណងមិត្តភាពនេះ ភាគីទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១០កន្លងមក ហើយកម្ពុជាបានគាំទ្រចំពោះគំនិតផ្តួចផ្តើមបង្កើតផ្លូវសូត្រខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ របស់រដ្ឋាភិបាលចិន តាំងពីឆ្នាំ២០១៦កន្លងមក។ តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗជាច្រើន ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ពាណិជ្ជកម្ម ការកសាងធនធានមនុស្ស ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងការការពារបរិស្ថាន។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់ឯកឧត្តម ឡាន ធានលី ចាប់ពីថ្ងៃទី២០-២២ ខែមេសា ឆ្នាំ២០២៣នេះ
មានគោលបំណង ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ប្រជាជន និងប្រជាជន រវាងកម្ពុជា និងខេត្តក្វាងស៊ីផង និងដើម្បីអញ្ជើញមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមពិព័រណ៍ចិន អាស៊ាន លើកទី២០ ដោយផ្ទាល់ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ នៅក្នុងទីក្រុងណាននីង នៃតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនផង៕



