ថ្ងៃឈប់សម្រាកបុណ្យ អ៊ីតអាល់ហ្វីត(Eid al-Fitr) ជាធម្មតាគឺជាពេលវេលាមួយសម្រាប់ពលរដ្ឋជាច្រើននៅរដ្ឋធានីរបស់ប្រទេសស៊ូដង់ដើម្បីទៅសួរសុខទុក្ខសាច់ញាតិនៅខាងក្រៅទីក្រុងដែលបានប្រែទៅជាស្ងប់ស្ងាត់។
នៅឆ្នាំនេះ អ្នកដែលអាចទៅបាន កំពុងព្យាយាមគេចចេញទាំងតក់ក្រហល់ពីទីក្រុង Khartoum ដែលត្រូវខ្ទេចខ្ទាំដោយសង្រ្គាម។ ខណៈថ្ងៃឈប់សម្រាករបស់ពលរដ្ឋមូស្លីមរយៈពេល ៣ថ្ងៃ បានចាប់ផ្តើមនៅថ្ងៃសុក្រ ទី២១ ខែ មេសា រដ្ឋធានីនេះ នៅតែត្រូវបានលាន់ឮដោយការបាញ់កាំភ្លើងនិងកាំភ្លើងធំ ទោះបីជាមានការអំពាវនាវជាអន្តរជាតិសម្រាប់បទឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ដែលជាតម្រូវការចាំបាច់ និងបើកច្រកសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលជាប់ខ្លួននៅក្នុងទីក្រុងនេះក៏ដោយ។ ភាគីក្នុងជម្លោះទាំងពីរ បានព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេថានឹងចាប់ផ្តើមនៅពេលណា។
ការបាញ់ប្រហារយ៉ាងខ្លាំងនៅតែបន្តក្នុងរដ្ឋធានី Khartoum។ ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងទៅនេះ ចំនួនពលរដ្ឋកាន់តែច្រើនឡើង បានព្យាយាមរត់ទៅរកតំបន់មានសុវត្ថិភាពជាងមុននៅរដ្ឋធានី ទោះបីជាយោធាបានបិទស្ពានឆ្លងកាត់ទន្លេ Nile រវាងទីក្រុង Khartoum និងទីក្រុង Omdurman និង Bahri ក៏ដោយ។ Ahmed Mubarak អាយុ ២៧ ឆ្នាំបាននិយាយថាគាត់មានអារម្មណ៍អន្ទះសារខ្លាំង បន្ទាប់ពីអំពើហឹង្សាបានផ្ទុះឡើងនៅថ្ងៃទី ១៥ ខែមេសា ហើយមុនពេលគាត់សម្រេចចិត្តចាកចេញពីទីក្រុង Khartoum កាលពីថ្ងៃព្រហស្បតិ៍ គាត់យកបានតែសម្លៀកបំពាក់តែមួយចង្កេះប៉ុណ្ណោះ។
ពុំការតស៊ូដណ្តើមអំណាចរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ជាលើកដំបូង បាននាំមកនូវសង្គ្រាមទ្រង់ទ្រាយធំសម្រាប់ទីក្រុង Khartoum និងការភៀសខ្លួន ដែលពលរដ្ឋក្នុងរដ្ឋធានី បានមើលឃើញរឿងនេះបានកើតនៅតំបន់ផ្សេងៗរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
ការប៉ះទង្គិចគ្នា ដែលបានផ្ទុះឡើងនៅប៉ុន្មនាថ្ងៃចុងក្រោយនៃខែដ៏ពិសិដ្ឋខែបុណ្យរ៉ាម៉ាដាន ដែលប្រជាជនម៉ូស្លីម តមអាហារពីព្រលឹមរហូតដល់ព្រលប់ បានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកនិងអគ្គិសនីរយៈពេលយូរ បានប្រែក្លាយព្រលានយន្តហោះទៅជាសមរភូមិ និងបិទមន្ទីរពេទ្យភាគច្រើនត្រូវបានបិទទ្វារ។
