អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO) លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃសុក្រថា សម្ព័ន្ធមិត្តទាំងអស់នៃសម្ព័ន្ធយោធាណាតូ បានព្រមព្រៀងថានៅទីបំផុត ប្រទេសអ៊ុយក្រែន នឹងក្លាយជារដ្ឋសមាជិក ប៉ុន្តែការផ្តោតសំខាន់នាពេលបច្ចុប្បន្ននេះ គឺត្រូវធានាឲ្យបានថា ប្រទេសនេះមានជ័យជំនះលើ រុស្ស៊ី។
លោក Stoltenberg បានថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនជំនួបជាមួយក្រុមទំនាក់ទំនងការពារអ៊ុយក្រែន នៅមូដ្ឋានទ័ពអាកាស រ៉េមស្តាញ (Ramstein) ក្នុងប្រទេសអាល្លឺម៉ង់។ លោកបាននិយាយថា ទីក្រុង គីវ ត្រូវតែមានរបាំងការពារដើម្បីទប់ការវាយលុកថ្មីៗនៅពេលដែលជម្លោះបញ្ចប់។
រុស្ស៊ីនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរារាំងអ៊ុយក្រែន មិនឲ្យចូលរួមជាមួយសម្ព័ន្ធមិត្តឆ្លងកាត់មហា សមុទ្រអាត្លង់ទិក នៅតែជាគោលដៅមួយក្នុងចំណោមគោលដៅចម្បងនៃប្រតិបត្តិការសឹកពិសេសរបស់ខ្លួន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា បើមិនដូច្នេះទេ សន្តិសុខនៃប្រទេសរបស់យើងនឹងរងការគំរាមដ៏ធំនិងធ្ងន់ធ្ងរ៕