រតនគិរី៖ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា បានដឹកនាំ សមាជិក សមាជិកា នៃគណៈ កម្មការ(ទី៤) ទៅកាន់ខេត្តស្ទឹងត្រែង និងរតនគិរី ដោយបានអំពាវនាវដល់មន្ត្រីជាកម្លាំងទាំងអស់ត្រូវម៉ឺតម៉ាត់ចំពោះការការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ជូនសាធារណ:ជន។
ឯកឧត្ដម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បាអញ្ជើញបន្តដំណើរចុះបំពេញបេសកកម្មនៅខេត្តរតនគីរី និងខេត្តស្ទឹងត្រែង និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ខេត្តទាំងពីរដាច់ដោយឡែកពីគ្នា។
ក្នុងដំណើរបំពេញបេសកកម្មនេះ ឯកឧត្ដម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ បានមានប្រសាសន៍ថា ការសំណេះសំណាលនេះគឺដើម្បីស្វែងយល់ពីផលប៉ះពាល់និងបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ ក៏ដូចជាកិច្ចការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការអនុវត្តកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសេចក្តីណែនាំឬលិខិតបទដ្ឋានថ្មីៗរបស់រាជរដ្ឋាភិបាល ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារអន្តោប្រវេសន៍ ការងារទំនាក់ទំនងនិងគ្រប់គ្រងអង្គការសង្គមស៊ីវិល ការងារគ្រប់គ្រងពន្ធនាគារ និងដំណើរការវាយតម្លៃលើទណ្ឌិតក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោស ការងារកិច្ចការការពារព្រំដែនរបស់កងកម្លាំងវារៈការពារព្រំដែននៃកងកម្លាំងនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ និងការបង្ក្រាបការជួញដូរគ្រឿងញៀន។
ក្នុងឱកាសអភិបាលខេត្តៃខេត្តទាំង២ បានធ្វើសេចក្តីរាយការណ៍ជូនគណៈប្រតិភូពីការរីកចម្រើន និងលក្ខណៈភូមិសាស្ត្រនៃការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមនៅក្នុងខេត្ត ពិសេសខេត្តបានពង្រឹងថែរក្សាការពារសន្តិសុខស្ថិរភាពសង្គមបានល្អជូនប្រជាពលរដ្ឋបានរស់នៅដោយសុខសន្តិភាព ទទួលបានផល នៃការអភិវឌ្ឍរបស់រដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីគោលនយោបាយរបស់រដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ។ ទន្ទឹមនឹងនេះខេត្តបានស្ថាបនាសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគម្រោងផ្សេងៗជាច្រើន។
បន្ទាប់ពីបានស្តាប់នូវការាយការណ៍យ៉ាងលំអិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ដែលខេត្តសម្រេចរួចមក ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា ក៏បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះខេត្តទាំងពីរ ដែលបានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ផងដែរ ឯកឧត្តម ហ៊ុន ណេង បានជំរុញទៅដល់អាជ្ញាធរខេត្តទាំងពីរត្រូវតែផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសត្រូវខិតខំបង្ក្រាបបទល្មើសគ្រឿងញៀន ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ដោយផ្តោតលើវិស័យកសិកម្មជាធំ និងការទាក់ទាញអ្នកវិនិយោគ៕
