ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្រជុំពង្រឹងប្រសិទ្ធភាពការងារ និងដាក់ទិសដៅ ដើម្បីឈានទៅកាត់ផ្តាច់ជំងឺកូវីដ-១៩ឱ្យបានឆាប់ដ៏ខ្លីខាងមុខនេះ។
ដើម្បីជំរុញឲ្យការងារនៃការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត ដែលអាចឈានទៅកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងដ៏កាចសាហាវនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រួតពិនិត្យឡើងវិញ និងដាក់ទិសដៅបន្តទៀត ដើម្បីការទប់ស្កាត់ឱ្យបាននៃការរីករាលដាលជំងឺនេះ។
ការជំរុញរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពតាមរយៈ video conference នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្ម ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលនេះ គឺក្នុងបំណង ដើម្បីត្រួតពិនិត្យការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯករាជធានីភ្នំពេញ និងដាក់ទិសដៅបន្ត ក្នុងកិច្ចការពារជំងឺរាតត្បាតនេះ និងការបែងចែកការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ ព្រមទាំងការផ្តល់អំណោយជូនប្រជាពលរដ្ឋផងដែរ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ video conference នេះដែរ អភិបាលខណ្ឌទាំង១៤ បានរាយការណ៍អំពីស្ថានភាពនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ជុំវិញការវិវត្តនានានៃជំងឺកូវីដ-១៩ ដើម្បីយកចំណុចទាំងនោះ មកពិភាក្សាគ្នា ស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណាអាចឈានទៅដល់ការកាត់ផ្តាច់ជំងឺកូវីដ-១៩ បានជោគជ័យនៅពេលដ៏ខ្លីខាងមុខនេះ៕អត្ថបទ ៖ វ៉ាន់ដា