
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហាញវីដេអូព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ១៩៦៦ កម្ពុជាធ្វើម្ចាស់ផ្ទះ ដោយសម្ដេចបញ្ជាក់ថា បើពុំមានរដ្ឋប្រហា១៨មិនា១៩៧០ទម្លាក់សម្តេចឪទេប្រទេសកម្ពុជាច្បាស់ជាអភិវឌ្ឍខ្ពស់ណាស់។
សម្ដេចតេជោថ្លែងថា មើលវីដេអូមួយនេះធ្វើឲ្យយើងអាចកំណត់បានថាប្រសិនពុំមានរដ្ឋប្រហា១៨មិនា១៩៧០ទម្លាក់សម្តេចឪទេប្រទេសយើងច្បាស់ជាអភិវឌ្ឍខ្ពស់ណាស់។សម្ដេចតេជោបានបញ្ជាក់ថាកាលពី៥៧ឆ្នាំមុនមានរូបភាពដូចក្នុងវីដេអូនេះបើមិនមានសង្គ្រាមទេភាពរុងរឿងនឹងមានច្រើនលើសនោះច្រើនណាស់។
សម្ដេចតេជោរម្លឹកថា សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកូនចៅនៃព្រះរាជាណាចក្រកម្ពុជាទី២នឹងបង្កើតព្រឹត្តិការណ៍ប្រហាក់ប្រហែលជាមួយព្រឹត្តិការណ៍នៃព្រះរាជាណាចក្រទីមួយ
នាឆ្នាំ១៩៦៦។ សម្ដេចតេជោ ក៏សូមឧទ្ទិសសមិទ្ធផលដែលកូនចៅបាននិងកំពុងធ្វើនេះថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះបិតាជាតិជាទីគោរពសង្ការៈប្រកបដោយការនឹករលឹកនិងដឹងគុណពីកូនចៅ៕




