
ភ្នំពេញ: ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ “សណ្ឋាគារ សាន់ & មូន រីវើសាយ (Sun & Moon Riverside Hotel)” (រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣) នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងអាចកត់សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ ហើយការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក៏បានបង្ហាញផងដែរថា វិស័យទេសចរណ៍ក៏កាន់តែមានភាពធន់ជាងមុន។
ក្នុងន័យនេះ ការបើកឱ្យដំណើរការសណ្ឋាគារ និងសេវាកម្មបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិលំដាប់ផ្កាយបួន ឬផ្កាយប្រាំ ដូចជា សណ្ឋាគារ សាន់ & មូន រីវើសាយ នេះ ជាដើម ក៏ជាសក្ខីភាពនៃការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍របស់កម្ពុជា យ៉ាងជាក់ច្បាស់។
មួយវិញទៀត ការរីកដុះដាលនៃសណ្ឋាគារប្រភេទនេះ ក៏នឹងបន្តចូលរួមផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់អាជីវកម្មផ្សេងៗទៀត នៅក្នុងខ្សែច្រវាក់តម្លៃរបស់ខ្លួន។
ឯកឧត្តមបញ្ជាក់ថា សម្រាប់ទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យនេះជាសសរស្តម្ភយ៉ាងសំខាន់នៃសេដ្ឋកិច្ចជាតិ និងបន្តជំរុញគាំទ្រវិស័យនេះ ឱ្យក្លាយទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូចពេលមុនវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបន្តកែសម្រួលបរិយាកាសធុរកិច្ច, ការចូលរួមអភិវឌ្ឍគោលដៅទេសចរណ៍សំខាន់ៗ និងជាពិសេសការសហការជាមួយវិស័យឯកជន សំដៅដោះស្រាយបញ្ហាប្រឈមនានា ដែលរារាំងដល់ការអភិវឌ្ឍនៃវិស័យទេសចរណ៍៕




