ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ខែមេសានេះ ព្រះសង្ឃ១៦៨អង្គបាននិមន្តធ្វើសីមាកម្ម ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមតករបស់អ្នកឧកញ៉ា មហាភកី្តសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការធ្វើសីមាកម្មនេះ ធ្វើឡើងក្រោមព្រះអធិបតីភាពសម្តេចព្រះពុទ្ធជ័យមុនីឃឹម សនព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ។
បើតាមព្រះសាក្យវង្សបណ្ឌិត ស៊ីម សារ៉ាន ព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង មានសង្ឃដីការប្រាប់BTVថា សីមាកម្មធ្វើឡើងក្នុងគោលបំណងឱ្យព្រះសង្ឃមានការព្រមព្រៀងគ្នា ជាប្រយោជន៍ដល់ព្រះសង្ឃធ្វើសង្ឃកម្មផ្សេងៗជាច្រើន។ លើសពីនេះ ព្រះចៅអធិការ សូមចម្រើនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ញាតិញោមពុទ្ធបរិស័ទ ទាំងអស់ អញ្ជើញមកចូលរួមធ្វើបុណ្យបញ្ចុះខណ្ឌសីមា នៅក្នុងវត្តឲ្យបានច្រើន ដើម្បីទទួលយកផល្លាអានិសង្ឃរៀងៗខ្លួន និងសូមឧទិ្ទសបុណ្យកុសលនេះ ទៅដល់បុព្វការីជនរៀងៗខ្លួន។ ម្យ៉ាងវិញទៀតមហាកុសលដែលកើតឡើងតាមរយៈពិធីបុណ្យ ក្នុងនាមព្រះសង្ឃ គណៈកម្មការ អាចារ្យ ជាពិសេសក្នុងនាមព្រះចៅអធិការវត្ត សូមលើកជាមហាកុសល និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធដល់អ្នកឧកញ៉ា មហាភកី្តសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សូមឲ្យលោកទាំងទ្វេរមកអនុមោទនាបុណ្យកុសលក្នុងឱកាសពេលនេះ ហើយបានទៅកើតទេវលោកសួគ៌គ្រប់ៗជាតិ កុំបីអាក់ខានឡើយ។
គួរបញ្ជាក់ដែរថា ពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមតករបស់អ្នកឧកញ៉ា មហាភកី្តសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ស្ថិតក្នុងវត្តព្រះបារមីវង្គតបុរី ផ្តួចផ្តើមរៀបចំដោយក្រុមគ្រួសារសម្តេចតេជោហ៊ុន សែន ព្រះសង្ឃ គណៈកម្មការ អាចារ្យ និងរដ្ឋបាលរាជធានីភ្នំពេញ ដែលមានរយៈពេល៣យប់៤ថ្ងៃ ពោលចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
នៅថ្ងៃទី២៤ ខែមេសាស្អែកនេះ ជាថ្ងៃកាត់ឫសសីមា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញអុជទៀនធូបគោរពបូជាជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក នៅមហាចេតិយ។ បន្តមកសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីក្នុងអង្គពិធីសំណេះសំណាល, កាត់ខ្សែបូ និងកាត់ឫសសីមា វេររណ្តាប់កាន់អង្គប្រគេនព្រះសង្ឃ និងដារឆ្លងជាកិច្ចបង្ហើយបុណ្យ។ អត្ថបទ៖ទូច សោភ័ណ





















