ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំសមាគម សហជីព កម្មករនិយោជិត តំណាង មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធដែលបានជឿជាក់ចំពោះគណបក្សប្រជាជនកម្ពុជា ហើយតែងតែផ្តល់នូវការគាំទ្រ និងទំនុកចិត្តឱ្យបក្សដឹកនាំប្រទេសជាតិមានការរីកចម្រើន។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធីបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាគម សហជីព កម្មករ និយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីអបអរខួបអនុស្សាវរីយ៍ លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។
សម្តេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំសមាគម សហជីព កម្មករនិយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធហើយសម្តេចក៏បានអរគុណថ្នាក់ដឹកនាំ សមាគម សហជីព កម្មករនិយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធទាំងអស់ ដែលបានជឿជាក់ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលតែងផ្តល់ការគាំទ្រ និងទំនុកចិត្តឱ្យបក្សដឹកនាំប្រទេសជាតិ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។
បើតាមឯកឧត្តមបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈចលនាសហជីព និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកសាងគណបក្ស កសាងអង្គការសហជីព និងចលនា កម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន បានលើកបង្ហាញ នូវរបាយការណ៍មួយចំនួនពាក់ព័ន្ធនឹងការងារកសាងសមាជិកបក្សនៅតាមអង្គកាសហជីព កម្មករ និយោជិត តាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារនានា។
ឯកឧត្តម បណ្ឌិត អ៉ិត សំហេង បានបន្តថា សមាជិកគណៈបក្សប្រជាជនកម្ពុជា នៅតាមអង្គការសហជីព កម្មករ និយោជិត តាមរោងចក្រ សហគ្រាស និងគ្រឹះ ស្ថានការងារនានា ត្រូវបានកសាង និងពង្រីកជាបន្តបន្ទាប់ ជាមួយការគាំទ្រយ៉ាងខ្លាំងក្លាលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕ អត្ថបទ៖ មុត សុទ្ធ