ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការសាទរ ចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន ដែលត្រូវបានព្រះករុណា ព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទាននូវគោរមងារជាសម្ដេចនោះ។
សម្តេចតេជោបានថ្លែងថា ”មកដល់ពេលនេះស្ត្រីដែលទទួលគោរមងារជាសម្ដេច គឺមាន ៣ រូបរួចមកហើយ។ ទីមួយភរិយារបស់សម្តេច ។ ទីពីរ គឺភរិយារបស់សម្ដេចពញាចក្រី ហេង សំរិន និងទី បី គឺសម្ដេច ម៉ែន សំអន” ។
សម្តេចតេជោបន្តថា ”នេះមិនមែនជាការចៃដន្យទេ ប៉ុន្តែជាការខិតខំដែលគោរមងារបែបនេះមាននៅក្នុងប្រទេសរាជានិយមតែប៉ុណ្ណោះ ហើយមិនមែនជាលទ្ធិទំយើស បុគ្គលទេ។ ប៉ុន្តែរឿងនេះវាមានតាំងពីដើមមក ងារជាឧកញ៉ា ជាអ្នកឧកញ៉ា ជាតេជោ ជាសម្ដេច គឺមានតាំងពីណាពីណីមក តែយើងបាត់បង់មួយរយៈដោយសារសង្រ្គាម ហើយការទទួលបានគោរមងារគឺមានគ្រប់លក្ខខណ្ឌអំពីការទទួលបាននូវគោរមងារនេះ ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខគណបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត និងតំណាង មន្ត្រីរាជការគ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់ ៕
