កម្មវិធីស្បៀអាហារពិភពលោក(WFP) ប្រឈមនឹងរលកបន្ថែមទៀត នៃជនភៀសខ្លួនស៊ូដង់ដែលធ្វើដំណើរទៅកាន់ប្រទេសជិតខាងឆាដ ដើម្បីរត់គេចចេញពីជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ។ នោះបើយោងតាមការអះអាងរបស់របស់លោក Pierre Honnorat ដែលជាប្រធាន WFPស៊ូដង់ប្រចាំនៅប្រទេសឆាដ ។
ប្រជាពលរដ្ឋស៊ូដង់ប្រហែល ១០ម៉ឺនទៅ ២០ម៉ឺននាក់ បានឆ្លងកាត់ព្រំដែនរួចទៅហើយចូលទៅក្នុងប្រទេសឆាដ រយៈពេល១សប្តាហ៍ក្រោយសង្រ្គាមផ្ទុះឡើងនៅក្នុងទីក្រុង Khartoum និងតំបន់ផ្សេងទៀតនៅក្នុងប្រទេសមួយនេះ ។
លោក Honnorat បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាច្បាស់ខ្លាំងណាស់ថា ពួកយើងរំពឹងថានឹងមានរលកជនភៀសខ្លួនបន្ថែមទៀត។
លោក Honnorat បន្តទៀតថា ការមកដល់ថ្មីនឹងបន្ថែមពីលើជនភៀសខ្លួនស៊ូដង់មានស្រាប់ ៤០ម៉ឺននាក់ ដែលបានរត់ភៀសខ្លួនចេញពីប្រទេសមួយនេះ អំឡុងសង្រ្គាមលើកមុន ហើយចំនួនជនភៀសខ្លួនកាន់តែមានច្រើននៅតាមជំរំជនភៀសខ្លួន ១៤កន្លែងនៅតាមព្រំដែន ។
លោក Honnorat និយាយថា WFPនឹងត្រៀមខ្លួនទទួលជនភៀសខ្លួនយ៉ាងហោច ១០ម៉ឺននាក់ ហើយវាប្រហែលជាអាចមានចំនួនច្រើនជាងនេះ ដូច្នេះហើយពួកយើងត្រូវតែត្រៀមខ្លួនទុកជាមុន ។
នៅក្នុងទីក្រុង Khartoum មាននូវប្រជាពលរដ្ឋជាច្រើន បានជាប់ខ្លួននៅក្នុងផ្ទះរបស់ពួកគេ ក្រោមការទម្លាក់គ្រាប់បែក និងក្រុមអ្នកប្រយុទ្ធដើរតាមផ្លូវ
អ្នកដែលជាប់ខ្លួនក្នុងសង្រ្គាមមានទាំងជនបរទេសរាប់ពាន់នាក់ផងដែរ រួមទាំងបុគ្គលិកស្ថានទូត ក្រុមការងារជំនួយ និងក្រុមនិស្សិតនៅក្នុងទីក្រុង Khartoum និងកន្លែងផ្សេងទៀតនៅក្នុងប្រទេសស៊ូដង់ ដោយពួកគេពុំអាចចាកចេញបានឡើយ ៕
អត្ថបទ៖ សារ៉ាត់

