ស្របពេលដែលអ្នកស្រុករកវិធីទប់ទល់នឹងកម្តៅក្តៅបំផុតនៅក្នុងប្រទេសថៃនារយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ ប្រទេសមួយនេះ កាលពីថ្ងៃសៅរ៍ បានកត់ត្រានៅលើសទ្ទស្សន៍សីតុណ្ហភាពខ្ពស់បំផុតពុំធ្លាប់ដែលមាន ៥៤អង្សាសេ ។
យោងតាមការអះអាងរបស់ក្រសួងឧតុនិយមថៃ បានឲ្យដឹងថា សីតុណ្ហភាពទូទៅនៅក្នុងប្រទេសថៃ មានចម្លោះពី ៣៨ទៅ ៤២អង្សាសេកាលពីថ្ងៃសៅរ៍ ក្នុងនោះសីតុណ្ហភាពខ្ពស់បំផុតកើតមាននៅក្នុងសង្កាត់ Bangna ស្ថិតនៅតំបន់ភាគខាងកើតរដ្ឋធានីបាងកក ។
អ្នកស្រី Amporn Supasert គឺជាអាជីវករលក់មាន់វ័យ ៦៧ឆ្នាំម្នាក់ និយាយថា គាត់ផឹកទឹក និងទឹកកកច្រើនណាស់ ។ ជួនកាល គាត់ចូលទៅសម្រាកនៅក្នុងហាងទំនើប 7-11(សែវ៉ិន-អ៊ិឡែវ៉ិន) ដើម្បីគេចចេញពីកម្តៅ វាជួយគាត់បានខ្លះផងដែរ ។
ដោយឡែក លោក Chatchai Mordee គឺជាសមាជិកក្រុមប្រឹក្សាក្រុងបាងកកដែលត្រួតត្រាសង្កាត់ Bangna បាននិយាយថា ប្រជាពលរដ្ឋត្រូវបានណែនាំកុំឲ្យធ្វើសកម្មភាពខាងក្រៅ និងចៀសវាងការធ្វើឲ្យផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗដូចជាផឹកទឹកត្រជាក់ក្រោយហាត់ប្រាណរួច ។ ពួកគេគួរតែស្លៀកពាក់ស្តើងផងដែរ ។
សូមបញ្ជាក់ថា ប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្នពីកម្តៅខ្លាំងបំផុតនៅក្នុងទីក្រុងបាងកក កាលពីថ្ងៃសុក្រ ដោយណែនាំឲ្យប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃការកើតមានជំងឺដាច់សរសៃឈាមខួរក្បាលដោយសារអាកាសធាតុក្តៅខ្លាំង ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារឧតុនិយមថៃ បានឲ្យដឹងថា រលកកម្តៅនេះ ត្រូវបានគេរំពឹថា នឹងបន្តរយៈពេល ៧ថ្ងៃទៀត ៕ អត្ថបទ៖ សារ៉ាត់

