កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រទេសហ្វីលីពីន និងចិន បានសន្យាធ្វើការរួមគ្នា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នានៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលប្រទេសទាំងពីរ បានអះអាងសិទ្ធិគ្រប់គ្រងប្រជែងគ្នា ហើយនិងពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់ស៊ីជម្រៅ។
រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Enrique Manalo បាននិយាយពេលលោកចាប់ផ្តើមជំនួបជាមួយសមភាគីចិនលោក Qin Gang នៅក្នុងទីក្រុងម៉ានីលថា ទំនាក់ទំនងរបស់ទីក្រុងម៉ានីលជាមួយទីក្រុងប៉េកាំង លើសពីការខ្វែងគំនិតលើបញ្ហាសមុទ្រចិនខាងត្បូង។
ជាការឆ្លើយតបចំពោះការលើកឡើងបែបនេះ លោក Qin និយាយថា ចិនត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយហ្វីលីពីន ដើម្បីអនុវត្តន៍ចំណុចឯកច្ឆ័ន្ទរួមរវាងប្រទេសទាំង ២ និងដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានត្រឹមត្រូវ ហើយនិងរួមគ្នា លើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក។ លោក Qin បានជួបសម្តែងការគួរសមជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ផងដែរ កាលពីថ្ងៃសៅរ៍ដដែលនោះ ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន បានកើតមានរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយហ្វីលីពីនប្រកាសទីតាំងមូលដ្ឋានយោធាសហរដ្ឋអាមេរិក ៤កន្លែងបន្ថែមទៀត ក្នុងនោះ ២កន្លែងនៅទិសខាងជើងទល់មុខនឹងកោះតៃវ៉ាន់ ៕អត្ថបទ៖ សារ៉ាត់

