ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ដែលពិធីនេះ មានការអញ្ជើញចូលរួមពីសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូ បង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចបានវាយតំលៃខ្ពស់ចំពោះភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមក និងបានថ្លែងដោយក្តីមោទនភាពចំពោះកត្តាសុខសន្តិភាពរបស់កម្ពុជា ដែលកត្តាសុខសន្តិភាពនេះហើយវាបានផ្តល់នូវផ្លែផ្កាជាច្រើន សម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិយើង។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើអោយយើងបានបើកដំណើរការប្រទេសជាតិឡើងវិញ និងបានដំណើរការសកម្មភាពប្រទេសជាតិជាប្រក្រតីឡើងវិញតាមគន្លងថ្មី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការស្វែងរកប្រភពវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើង គឺជាភាពជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយនឹងការ ចូលរួមសហការទប់ស្កាត់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ទើបយើងទទួលបាននូវភាពជោគជ័យក្នុងការងារនេះ។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ពីភាពជោគជ័យ នៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ដែលនោះជាមោទនភាពមួយ សម្រាប់កម្ពុជា ដែលកិច្ចប្រជុំនោះ គឺមានការចូលរួមពីមេដឹកនាំបណ្ដាប្រទេសមហាអំណាចធំៗច្រើនមកចូលរួមប្រជុំនៅទីក្រុងភ្នំពេញ តែបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីរាំងស្ទះឡើយ។
សម្ដេចតេជោនៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងត្រូវខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូល សម្រាប់ជាតិឲ្យបានច្រើន។ សម្តេចតេជោ បានអំពាវនាវអោយមានការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពអោយបានខ្ចាប់ខ្ជួនជានិច្ច ដូចជាទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យបន្តយកចិត្តទុកដាក់ដោះ ស្រាយជីវភាពប្រជាពលរដ្ឋដែលខ្សត់ខ្សោយ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ ដូចជាពលរដ្ឋដែលរងគ្រោះ ក្នុងវិបត្តិកូវីដ១៩ជាដើម។ ត្រូវចូលរួមក្នុងការដោះស្រាយការងារជូនប្រជាពលរដ្ឋ ទាំងការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ជាពិសេសគោលនយោបាយគាំពារសង្គម ដូចជាការអនុវត្តគាំពារស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។ សម្តេចសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសជាតិ គឺសម្តេចមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយដោយយើងមិនបានដឹងនោះទេ គឺយើងត្រូវតែយកចិត្តទុកដាក់មើលឲ្យបានគ្រប់ជ្រុងជ្រោយចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក។
សម្តេចតេជោ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៣ ខែមេសា នេះ គឺសល់តែ១២ថ្ងៃទៀតតែប៉ុណ្ណោះ យើងនឹងដល់ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារីហ្គេម ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះហើយ ដូច្នេះសម្តេចតេជោ សូមឱ្យរៀបចំព្រឹត្តិការណ៍នេះ អោយបានឲ្យបានល្អប្រសើរ និងរលូន ដើម្បីឱ្យភ្ញៀវអន្តរជាតិទាំងអស់ពេលដែលមកដល់កម្ពុជាម្ដងហើយ គេចង់មកម្ដងទៀតនៅពេលក្រោយ។
សម្តេចតេជោមានប្រសាសន៍ទៀតថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះ ព្រឹត្តិការណ៍ នៃការបោះឆ្នោតជាតិ នឹងត្រូវចូលមកដល់ ដូច្នេះសម្ដេចតេជោបាន អំពាវនាវ ធ្វើយ៉ាងណាឲ្យការបោះឆ្នោតជាតិនៅពេលខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការគាបសង្កត់ ដោយសេរី និងយុត្តិធម៌ ពោលគឺត្រូវស្ថិតក្នុងបរិយាកាសល្អបំផុត។
សម្ដេចក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំ ដោះស្រាយសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ កុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ដោយប្រការអ្វីមួយ គឺត្រូវធ្វើឲ្យបានលឿន ប្រកបដោយប្រសិទ្ធភាពជូនពួកគាត់ ,ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករនៅក្រៅប្រទេសឲ្យបានល្អប្រសើរ ជាពិសេសការពារសិទ្ធិកម្មករកុំឲ្យមានការរំលោភបំពានផ្សេងៗ៕ អត្ថបទ៖ មុត សុទ្ធ