មានមនុស្សយ៉ាងហោចណាស់ ២នាក់ បានស្លាប់ និង១០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីអ្នករត់តុម្នាក់ បានបញ្ឆេះភ្លើងលើម្ហូប ហើយចៃដន្យបានធ្វើអោយឆេះភោជនីយដ្ឋានអ៊ីតាលីមួយកន្លែងនៅល្ងាចថ្ងៃសុក្រដ៏មមាញឹកក្នុងទីក្រុងម៉ាឌ្រីដ។ ម្នាក់ក្នុងចំណោមអ្នករងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត និង៥នាក់ទៀតរងរបួសធ្ងន់។
រុក្ខជាតិលម្អផ្លាស្ទិក នៅក្នុងភោជនីយដ្ឋានបានចាប់ចំហេះយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលចម្អិនម្ហូបដោយប្រើអណ្តាតភ្លើង ហើយអណ្តាតភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស។ ការចម្អិនម្ហូបដោយប្រើអណ្តាតភ្លើង គឺជាបច្ចេកទេសមួយដែលពាក់ព័ន្ធនឹងការផ្លុំភ្លើងដាក់លើអាហារ ដើម្បីឲ្យអាហារនៅក្ដៅ។
សារព័ត៌មានអេស្ប៉ាញ El Pais បានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះនៅជិតច្រកចូលភោជនីយដ្ឋាន Burro Canaglia ដែលធ្វើឲ្យមនុស្សពិបាករត់គេចចេញ។ លោកអភិបាលក្រុងបាននិយាយថា មានអ្នកទទួលទានអាហារ និងបុគ្គលិកប្រមាណ៣០នាក់នៅក្នុងភោជនីយដ្ឋាននោះ នៅពេលអគ្គិភ័យនេះ កើតឡើង៕ អត្ថបទ៖ វ៉ាន់ ស្រីទាវ


