ភ្នំពេញ ៖ នាថ្ងៃទី០៤ឧសភានេះ លោកឧត្ដមសេនីយ៍ អ៊ុង តុង ហៃ តំណាង ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាកា រដ្ឋានអង្គរក្សនិងក្រុមគ្រួសារ បាននាំយកអំណោយផ្ទាល់ខ្លួនមាន អង្ករ២តោន មី២ពាន់កញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ៤០០ដប អំបិល ស្កសរ៤០០គីឡូក្រាម និងទឹកដោះគោ២០០កំប៉ុង មកចែករំលែកនូវការលំបាក ជូនដល់ប្រជាពលរដ្ឋ ២០០គ្រួសារនៅក្នុងតំបន់ក្រហមបរិវេនទីលានចាក់សំរាមស្ទឹងមានជ័យសង្កាត់ ស្ទឹងមានជ័យ២ខណ្ឌមានជ័យ រាជធាននីភ្នំពេញជាលើកទី២ ដើម្បីជួយដោះស្រាយ ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ។
លោកឧត្ដមសេនីយ៍ទោ អ៊ឹង តុង ហៃ មានប្រសាសន៍ថា នៅក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កន្លងមក សម្ដេចតេជោសែន បានបញ្ជាឱ្យ សាលារាជធានីភ្នំពេញ និងកងទ័ព (មានកម្លាំងបញ្ជាការដ្ឋានអង្គរក្ស) ដឹកជញ្ជូនអំណោយជាស្បៀងអាហារសង្គ្រោះបន្ទាន់យកទៅចែកជូន ដល់ប្រជាពលរដ្ឋ នៅតាមតំបន់បិទខ្ទប់ តំបន់ក្រហមនិងតំបន់លឿងទុំផ្សេងៗទៀត មិនទុកឱ្យប្រជាពលរដ្ឋដាច់បាយឡើយ។ ហើយ ថ្មីៗនេះ ប្រមុខ រាជរដ្ឋាភិបាលបានជម្រុញឱ្យពេទ្យកងទព័ចុះទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមឱ្យបានឆាប់រហ័យ និង លឿនបំផុតដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ ជានិច្ចជាកាល ជាពិសេសក្នុងកាលៈទេស ដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់សម្ដេចតេជោ សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។
លោកឧត្ដមសេនីយ៍ក៏បានសូមឱ្យប្រជាពលរដ្ឋ មេត្តា អត់ធ្មត់ចំពោះ ពេលវេលាស្នាក់នៅក្នុងផ្ទៈរក្សាគម្លាតកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់ ត្រូវគោរពតាមការណែនាំនានារបស់រាជរដ្ឋាភិបាល ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ៕ អត្ថបទ៖ នីតា