ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកតវ៉ារាប់សិបនាក់ ដែលកាន់រូបតុក្កតាខ្លាឃ្មុំបានប្រមូលផ្តុំគ្នានៅទីក្រុងមីឡាន កាលពីថ្ងៃសៅរ៍ (២២ មេសា) ដើម្បីទាមទារ "ការលើកលែងទោស" ដល់សត្វខ្លាឃ្មុំញីដែលបានសម្លាប់អ្នករត់ប្រណាំងអាយុ២៦ឆ្នាំម្នាក់នៅភ្នំអាល់ប្រទេសអ៊ីតាលី។
ក្រុមការពារសិទ្ធិសត្វ បានប្រមូលផ្តុំគ្នានៅ Piazza Cordusio ដើម្បីគាំទ្រសត្វខ្លាឃ្មុំដែលខេត្ត Trento និយាយថាខ្លួនចាប់សត្វនេះ កាលពីយប់ថ្ងៃអង្គារ (១៨ មេសា)។
ការស្វែងរកសត្វខ្លាឃ្មុំមួយក្បាលនេះ បានចាប់ផ្តើមឡើង បន្ទាប់ពីសាកសពរបស់លោក Andrea Papi ត្រូវបានរកឃើញនៅថ្ងៃទី ៦ ខែមេសា ក្នុងព្រៃនៃតំបន់ភ្នំ Peller ជាទីដែលជនរងគ្រោះ បានទៅរត់ហាត់ប្រាណ។
ការស្លាប់របស់លោក Papi បានបើកការជជែកដេញដោលឡើងវិញលើជម្លោះមនុស្សនិងសត្វព្រៃ នៅក្នុងតំបន់ដែលចំនួនខ្លាឃ្មុំមានការកើនជាថ្មីតាំងពីឆ្នាំ ១៩៩៩ ក្រោមកម្មវិធីផ្តល់មូលនិធិសហភាពអឺរ៉ុប៕ អត្ថបទ៖ វ៉ាន់ ស្រីទាវ

