អ្នកប្រើប្រាស់នៅចក្រភពអង់គ្លេសកំពុងមានអារម្មណ៍តានតឹងចំពោះការកើនឡើង នៃតម្លៃម្ហូបអាហារ និងភេសជ្ជៈ ដោយសារអតិផរណាកើនខ្ពស់បានធ្វើឱ្យស្រអាប់ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះ។
តម្លៃម្ហូបអាហារ និងភេសជ្ជៈក្រៅពីគ្រឿងស្រវឹង បានកើនឡើង១៩,១ភាគរយធៀបនឹងឆ្នាំមុន ដែលបញ្ជាក់ពីកំណើនខ្ពស់បំផុត ក្នុងរយៈពេល ៤៥ ឆ្នាំ។
អ្នកប្រើប្រាស់ជនជាតិអង់គ្លេសដែលមានបញ្ហាថវិកា កំពុងទាមទារការបញ្ចុះតម្លៃយ៉ាងសកម្ម និងកាត់បន្ថយចេញទៅទទួលទានអាហារនៅភោជនីយដ្ឋាន។ អ្នកខ្លះថែមទាំងបានងាកទៅរកការលួចអាហារពីអ្នកលក់រាយ ដែលករណីនេះ បានបង្ខំឱ្យបណ្ដាហាងនានា បំពាក់ឧបករណ៍ប្រឆាំងចោរកម្មទៅលើទំនិញគ្រប់យ៉ាងរាប់ចាប់ពីស្ករគ្រាប់រហូតដល់ប៊ឺជាដើម។
ផលប៉ះពាល់ពីអតិផរណា មួយផ្នែកបណ្តាលមកពីការថយចុះការផ្គត់ផ្គង់ស្បៀងអាហារ ដោយសារតែការប្រមូលផលបានទាបនៅក្នុងប្រទេស ព្រមទាំងជម្លោះរុស្ស៊ី - អ៊ុយក្រែន ដែលបានបង្កឱ្យមានវិបត្តិស្បៀងអាហារសកល។ ភាពតានតឹងផ្សេងៗទៀតរួមមានកង្វះកម្លាំងពលកម្ម និងផលប៉ះពាល់ជាបន្ត នៃ Brexit ដែលបានជំរុញឱ្យតម្លៃការនាំចូលកើនឡើង៕ អត្ថបទ៖ វ៉ាន់ ស្រីទាវ


