នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធលោក Barry Humphries នៅថ្ងៃអាទិត្យ (២៣ មេសា)នេះ ដែលជាតារាកំប្លែងកើតនៅទីក្រុង Melbourne ហើយត្រូវបានគេស្គាល់ថាជាតួអង្គក្នុងភាពយន្ត Dame Edna Everage ដោយពិពណ៌នារូបលោកថាជា "មនុស្សដែលប្រជាជនអូស្ត្រាលីស្រលាញ់បំផុត" និងជា "អ្នកកំប្លែងមានទេពកោសល្យ" ដែលបានរួមចំណែកយ៉ាងធំធេងដល់ប្រទេស។
សារព័ត៌មាន The Sydney Morning Herald បាននិយាយថាលោក Humphries មានអាយុ ៨៩ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ (២២ មេសា) នៅមន្ទីរពេទ្យ St Vincent's ក្នុងទីក្រុងស៊ីដនី ជាទីដែលរូបលោក ព្យាបាលបញ្ហាសុខភាពផ្សេងៗ។
លោក Humphries ទទួលបានភាពល្បីល្បាញក្នុងចក្រភពអង់គ្លេសក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយដើរតួជាតួអង្គសម្តែងត្រាប់ជនជាតិអូស្ត្រាលីជាច្រើន រួមមានតួអង្គ Dame Edna អ្នកការទូតស្រវឹងស្រា Les Patterson និងតាចាស់ផ្សងព្រេង Sandy Stone ជាដើម៕ អត្ថបទ៖ វ៉ាន់ ស្រីទាវ


