ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្តេចបានរំលឹកពីការបំផ្លិចបំផ្លាញដល់ឫសគល់លើគ្រប់វិស័យ រាប់ទាំងវិស័យសាសនាផងដែរ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុន្តែទោះជាយ៉ាងណាគេមិនអាចលុបបំបាត់នូវជំនឿក្នុងចិត្តនៃសាសនាដែលគេគោរពបានឡើយ។
សម្តេចក៏បានរំលឹកអំពីវត្តវង្កតបុរី ដែលប្រវត្តិគ្រាន់តែជាកន្លែងភៀសសឹកនាសម័យសង្គ្រាមចន្លោះឆ្នាំ១៩៧០ដល់១៩៧៥ និងបានរំលឹកពីការកកើតរីកចម្រើនឡើងវិញនៃទីអារាមនេះ ជាពិសេសប្រវត្តិទាក់ទងយ៉ាងជ្រាលជ្រៅជាមួយនឹងលោកឪពុក អ្នកម្តាយ របស់សម្តេច និងក្រុមគ្រួសារ ដែលបានចូលរួមកសាងនូវទីអារាមមួយនេះ មានការរីកចម្រើន ហើយសម្តេចក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារកូនចៅរបស់សម្តេច កុំបោះបង់ចោល ក៏ដូចជាការពារនូវទីអារាមនេះ និងគប្បីបន្តឧស្សាហ៍មកធ្វើបុណ្យទាននៅទីអារាមនេះ ព្រោះទីអារាមនេះជាទីកន្លែងចេតិយរបស់លោកឪពុក និងអ្នកម្តាយរបស់លោកនៅទីនេះ រួមទាំងសពបងថ្លៃស្រីរបស់សម្តេចក៏ធ្លាប់បានយកមកបូជានៅទីអារាមនេះផងដែរ ដូច្នេះទីអារាមនេះបានក្លាយទៅជាទីអារាមមួយសម្រាប់ត្រកូលហ៊ុន និងត្រកូលឌី។
សម្តេចបានមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួបលើកទី២៥ឆ្នាំ នៃមរណភាពនៃមាតារបស់សម្តេចហើយក៏ជាខួបលើកទី១០ឆ្នាំនៃមរណភាពនៃបិតារបស់សម្តេចនិងជាខួប១០០ឆ្នាំនៃថ្ងៃកំណើតរបស់លោក ឪពុករបស់សម្តេចដែរ ដូច្នេះកូនចៅនឹងធ្វើពិធីជួបជុំគ្នាតែម្តងនៅថ្ងៃទី១២ ខែកក្កដាខាងមុខ បើទោះបីពេលនោះយុទ្ធនាការបោះឆ្នោតកំពុងប្រព្រឹត្តិទៅ ក៏ប៉ុន្តែរឿងបោះឆ្នោតជារឿងមួយ តែគុណរបស់ឪពុកម្តាយមិនអាចបំភ្លេចបានទេ៕