វិទ្យាស្ថានស្រាវជ្រាវសព្វាវុធ និងជម្លោះនាំមុខមួយបាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែមេសានេះថា ការចំណាយលើផ្នែកយោធាសកលបានកើនឡើងខ្ពស់បំផុតកាលពីឆ្នាំមុន ខណៈសង្គ្រាមរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន បានជំរុញឱ្យមានការកើនឡើងការចំណាយប្រចាំឆ្នាំច្រើនបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់រយៈពេលបីទសវត្សរ៍កន្លងទៅនេះ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុង Stockholm (SIPRI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចំណាយលើវិស័យយោធាពិភពលោក បានកើនឡើង ៣.៧ ភាគរយនៅក្នុងលក្ខខណ្ឌជាក់ស្តែងក្នុងឆ្នាំ ២០២២ ដែលមានចំនួនដល់ ២.២៤ ពាន់ពាន់លានដុល្លារ។
ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនឆ្នាំ បានជំរុញឱ្យបណ្តាប្រទេសនៅអឺរ៉ុបប្រញាប់ប្រញាល់ពង្រឹងផ្នែកការពាររបស់ពួកគេ។ ទីក្រុងមូស្គូ និយាយថា «ប្រតិបត្តិការសឹកពិសេស» របស់ខ្លួន គឺជាភាពចាំបាច់ដើម្បីការពារប្រទេស ប្រឆាំងនឹងអ្វីដែលខ្លួនចាត់ទុកថាជាអរិភាព និងការឈ្លានពានរបស់ប្រទេសលោកខាងលិច។ ប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច និយាយថា រុស្ស៊ីកំពុងធ្វើសង្រ្គាមមិនបង្កហេតុ មានបំណងដណ្តើមយកទឹកដី។ ការចំណាយលើផ្នែកយោធារបស់អឺរ៉ុប បានកើនឡើង ១៣ ភាគរយកាលពីឆ្នាំមុន ភាគច្រើនដោយសារតែការកើនឡើងដោយជម្លោះរុស្ស៊ីនិងអ៊ុយក្រែន ប៉ុន្តែជាមួយនឹងប្រទេសជាច្រើនទៀតនៅទូទាំងទ្វីប ក៏បានបង្កើនថវិកាយោធា និងផែនការបន្ថែមទៀត ក្នុងពេលមានភាពតានតឹងកើនឡើង។

អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន SIPRI និយាយថា ជាលទ្ធផល យើងអាចរំពឹងតាមហេតុផលថា ការចំណាយលើផ្នែកយោធានៅអឺរ៉ុប កណ្តាល និងខាងលិច នឹងបន្តកើនឡើងក្នុងរយៈពេលច្រើនឆ្នាំខាងមុខ។ ការចំណាយផ្នែកយោធារបស់អ៊ុយក្រែនបានកើនឡើង ៦៤០ភាគរយក្នុងឆ្នាំ ២០២២ ជាការកើនឡើងប្រចាំឆ្នាំច្រើនបំផុត ដែលបានកត់ត្រាទុកនៅក្នុងទិន្នន័យរបស់វិទ្យាស្ថាន SIPRI នឹងមានមកតាំងពីឆ្នាំ ១៩៤៩ ដោយចំនួនសរុបនេះ មិនរាប់បញ្ចូលចំនួនដ៏ច្រើននៃជំនួយយោធាដែលត្រូវបាន ផ្តល់ដោយប្រទេសលោកខាងលិចនោះទេ។