ភ្នំពេញ៖ ខណៈដែលបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ចូលមកដល់ចុងសប្តាហ៍នេះ ព្រឹកថ្ងៃទី២៤ ខែមេសា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសឱ្យអ្នកគាំទ្រទៅទទួលសំបុត្រនៅទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ។
យោងតាមផេកផ្លូវការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា សម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុម ឥណ្ឌូណេស៊ី ទល់នឹង ហ្វីលីពីនម៉ោង៤និង០០នាទីរសៀល និងការប្រកួតកម្ពុជា ទល់នឹងទីម័រខាងកើតម៉ោង៧និង០០នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក អ្នកគាំទ្រអាចទៅទទួលសំបុត្រឥតគិតថ្លៃ បានចាប់ពីថ្ងៃចន្ទ វេលាម៉ោង ១២ថ្ងៃត្រង់នេះតទៅ នៅតាមទីតាំងដូចជា ខ្លោងទ្វារធំពហុកីឡដ្ឋានជាតិ, Blue Sports Centerភ្នំពេញថ្មី, Fan Sports Store នៅ Eden Garden, Double H Sport និង Sport Castle Santormok ដោយមិនចាំបាក់ធ្វើការកក់តាម App ទុកជាមុនឡើយ។
សហព័ន្ធក៏បានបញ្ជាក់ដែរថាក្នុង ១នាក់ អាចទទួលបាន ២សំបុត្រ និងសំបុត្រ ១សន្លឹក អាចប្រើប្រាស់បាន២ប្រកួត។ ក្រៅពីកីឡាបាល់ទាត់ កីឡាពីរប្រភេទទៀតក៏លេងនៅថ្ងៃទី២៩ ខែមេសាដែរ គឺអុកចត្រង្គ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រិកឃីតលេងនៅតាមមហាវិថីសម្តេចតេជោសែន (ផ្លូវ៦០ម៉ែត្រ)៕
