ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងរំលឹកថា សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា មានកំណើតក្នុងថ្ងៃតែមួយ បើនិយាយពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ។ នេះជារឿងពិតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន ខណៈបានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមា និងឆ្លងសមិទ្ធផល នានា នៅក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង នៅក្នុងរាជធានីភ្នំពេញ បានរំលឹកពីការបំផ្លិចបំផ្លាញ គ្រប់វិស័យដល់ឫសគល់ រាប់ទាំងវិស័យសាសនាផងដែរ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុន្តែទោះជាយ៉ាងណាគេមិនអាចលុបបំបាត់នូវជំនឿក្នុងចិត្ត នៃសាសនា ដែលគេគោរពបានឡើយ ។
សម្តេចតេជោ ក៏បានរំលឹកអំពីប្រវត្តរបស់វត្តវង្គតបុរី ដែលពីមុនគ្រាន់តែជាកន្លែងភៀសសឹក នា សម័យសង្គ្រាម ចន្លោះឆ្នាំ១៩៧០ ដល់១៩៧៥ និងបានរំលឹកពីការកកើតរីកចម្រើនឡើងវិញ នៃទីអារាមនេះ ជាពិសេសប្រវត្តិទាក់ទងយ៉ាងជ្រាលជ្រៅជាមួយនឹងលោកឪពុក អ្នកម្តាយ អ្នកមានគុណទាំងទ្វេរបស់សម្តេច និងក្រុមគ្រួសាររបស់សម្តេច ដែលបានចូលរួមកសាងនូវទីអារាមមួយនេះ ឱ្យមានការរីកចម្រើន ហើយសម្តេចក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារ កូនចៅរបស់សម្ដេច កុំបោះបង់ចោល ក៏ដូចជាការពារទីអារាមនេះ និងគប្បីបន្តឧស្សាហ៍មកធ្វើបុណ្យទាននៅទីអារាមនេះ ៕អត្ថបទ៖ មុត សុទ្ធ