ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ឥណទានជាប្រាក់កម្ចី ទៅដល់ក្រុមហ៊ុនអាជីវកម្ម ចំនួនជិត ១ ៣០០ ក្រុមហ៊ុន គិតជាទឹកប្រាក់កម្ចីមានទំហំប្រមាណជាង ៤៦០ ប៊ីលានរៀល ត្រូវជាង ១១៣ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម។
ក្នុងព្រឹត្តិបត្រនៃវឌ្ឍនភាពនៃការធានាឥណទាន សម្រាប់ការផ្តល់កម្ចីជាប្រាក់រៀល ទំហំឥណទានដែលមានការធានា មានចំនួនប្រមាណជាង ៥១ ប៊ីលានរៀល ចំណែកការកម្ចីជាប្រាក់ដុល្លារ មានទំហំឥណទានដែលមានការធានា ក្នុងទឹកប្រាក់ប្រមាណជាង ១០១ លានដុល្លារអាមេរិក។
ជុំវិញការផ្តល់ឥណទាននេះ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ឥណទានដែលគ្រប់គ្រងអាជីវកម្មដោយស្រ្តី មានចំនួន ៤៩៧ មូលដ្ឋាន នៅលើក្រុមហ៊ុនអាជីវកម្មសរុប ១ ២៧៥ ក្រុមហ៊ុន។
ក្នុងនោះបានផ្តល់ដល់សហគ្រាសខ្នាតធំ មានចំនួន ១០២ មូលដ្ឋាន និងការផ្តល់ទៅដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មានចំនួន ១ ១៧៣ មូលដ្ឋាន។
សូមបញ្ជាក់ថា ទាក់ទិនការផ្តល់កម្ចីឥណទាននេះ សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ចេញគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក កាលពីខែ មីនា ឆ្នាំ ២០២១, សាជីវកម្មធានាឥណទានកម្ពុជា មានគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។
កាលពេលថ្មីៗកន្លងមកនេះ សាជីវកម្មធានាឥណទានកម្ពុជា ក៏បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងធានាឥណទានជាកញ្ចប់ជំហានបន្ត ដើម្បីជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ៕អត្ថបទ៖ សុន រ៉ាឌី