ក្រសួងការបរទេសចិននិយាយថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក សុន វ៉េតុង (Sun Weidong) បានដាក់កំណត់ទូតជំទាស់ជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅទីក្រុងប៉េកាំង ជុំវិញការធ្វើអត្ថាធិប្បាយដ៏ខុសឆ្គង ពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូង ទាក់ទងកោះតៃវ៉ាន់ ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិន កាលពីថ្ងៃអាទិត្យ លោក សុន បានប្រាប់ឯកអគ្គរដ្ឋទូតរូបនេះថា ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol គឺមិនអាចទទួលយកបានឡើយ ហើយលោកក៏បានបង្ហាញការមិនពេញចិត្តជាខ្លាំងផងដែរ។

ជម្លោះការទូតរវាងទីក្រុងប៉េកាំង និងសេអ៊ូល បានកើនឡើងពីបទសម្ភាសន៍ថ្មីៗ ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters អំឡុងពេលដែលលោក Yoon និយាយថា ភាពតានតឹងដែលចេះតែកើនឡើងជុំវិញកោះតៃវ៉ាន់ ដោយសារតែការប៉ុនប៉ងផ្លាស់ប្ដូរស្ថានភាពជាក់ស្ដែងបច្ចុប្បន្ន តាមរយៈប្រើកម្លាំង និងថា រូបលោកបានជំទាស់រាល់ការប៉ុនប៉ងចង់ធ្វើបែបនេះ។
មេដឹកនាំកូរ៉េខាងត្បូង ក៏បាននិយាយផងដែរថា នៅពេលនេះជម្លោះរវាងប្រទេសចិន និងកោះតៃវ៉ាន់ គឺជាបញ្ហាសកលលោក។
លោកបានប្រាប់សារព័ត៌មាន Reuters ថា បញ្ហាកោះតៃវ៉ាន់មិនមែនជារឿងធម្មតារវាងប្រទេសចិន និងកោះតៃវ៉ាន់ទេ ប៉ុន្តែវាដូចជាបញ្ហារបស់កូរ៉េខាងជើងដែរ វាជាបញ្ហាសកល។
ក្រុមមន្ត្រីចិន បានច្រានចោលយ៉ាងដាច់ខាតរាល់ការយកបញ្ហាកោះវ៉ាន់ ទៅប្រៀបធៀបជាមួយបញ្ហាកូរ៉េខាងជើង៕