វានឹងមិនមែនជាយុទ្ធនាការដំបូងទេនៅពេលនេះ ខណៈលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បង្កើនសកម្មភាពតតាំង ដើម្បីឈរឈ្មោះបោះឆ្នោតជាថ្មី ភាពជាក់ស្ដែងនៃការប្រកួតប្រជែងឆ្នាំ២០២៤ និងភាពខុសប្លែកគ្នាជាមួយឆ្នាំ២០២០ អំឡុងមានការឆ្លងរាលដាលខ្លាំងនៃវីរុសរាតត្បាតសកលកូរ៉ូណា បង្កើតឲ្យមានការប្រឈមថ្មីជាច្រើនសម្រាប់រូបលោក។

លោក Biden អ្នកប្រជាធិបតេយ្យ និយាយថា លោកនឹងឈរឈ្មោះជាថ្មី និងកំពុងពិចារណាការប្រកាសជាផ្លូវការតាមរយៈវីដេអូ នៅថ្ងៃអង្គារសប្ដាហ៍នេះ ។
កាលពីឆ្នាំ២០២០ លោក Biden នៅតែមានប្រជាប្រិយភាពទាប ខណៈការឆ្លងរាតត្បាតវីរុស COVID-19 ដែលបានប៉ះពាល់ដល់ក្ដីរំពឹងភាគច្រើនរបស់ជីវិតពលរដ្ឋអាមេរិក រួមទាំងយុទ្ធនាការបោះឆ្នោត ដែលបាននាំឲ្យលោកប្រកួតប្រជែងជាមួយលោកប្រធានាធិបតី Donald Trump មកពី គណបក្សសាធារណរដ្ឋ។
លោក Trump នៅតែថ្លែងទៅកាន់ការប្រមូលផ្ដុំធំៗ ប៉ុន្តែលោក Bidenវិញ ភាគច្រើនបានធ្វើយុទ្ធនាការរបស់លោកតែតាមរយៈវីដេអូប៉ុណ្ណោះ ចេញពីជាន់ផ្ទាល់ដីនៃគេហដ្ឋានរបស់លោក នៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ដើម្បីគេចចេញពីហ្វូងមនុស្ស ទប់ស្កាត់ការឆ្លងរាលដាលជំងឺ និងកាត់បន្ថយការប្រឈមឆ្លងវីរុសលើរូបលោក។
សន្និបាតរបស់គណបក្សប្រជាធិបេត្យនៅក្នុងទីក្រុងជីកាហ្គោ នឹងធ្វើដោយផ្ទាល់ជាជាងតាម online ។ ហើយលោក Biden ដែលមានវ័យ៨០ឆ្នាំ ជាប្រធានាធិបតីចាស់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក នឹងត្រូវចេញធ្វើការដោយផ្ទាល់ ខណៈលោកព្យាយាមដណ្ដើមតំណែងរយៈពេល៤ឆ្នាំបន្ថែមទៀត៕