ភ្នំពេញ៖ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ អត់គិតថ្ងៃទាំងអស់ សម្រាប់អ្នកមកចូលទស្សនា ទាំងប្រជាជនកម្ពុជា និងប្រជាជនបរទេស ខ្មែរលើកនេះធ្វើឱ្យគេស្គាល់បេះដូងខ្មែរពិតប្រាកដ។
សម្តេចបន្តថា យើងចំណាយប្រមាណ៧ ០០០ ០០០ដុល្លារថែមទៀតដើម្បីចំណាយលើការស្នាក់នៅហូបចុក សម្រាប់ប្រតិភូ អត្តពិលបរទេសមកប្រកួត។ការប្រកួតកីឡាស៊ីហ្គេម ដែលជាព្រឹត្តិការណ៍ពីរឆ្នាំម្តងក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង តាំងពីឆ្នាំ១៩៥៩ ដំណើរការប្រកួតពីថ្ងៃទី២៩ ខែមេសា ខណៈពីធីបើកការប្រកួតផ្លូវ ធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ខាងមុនេះ ហើយប្រតិភូ អត្តពលិកប្រមាណជាង១០ ០០០នាក់ និងចូលរួមប្រកួតលើ៣៧ប្រភេទកីឡា៕ អត្ថបទ៖ គង់ ហួន