
ហ្វូងមនុស្សដែលកំពុងសប្បាយរីករាយទស្សនាការសម្ដែងផ្ទាល់នៅសួនកម្សាន្ត Disneylandក្នុងរដ្ឋ California សហរដ្ឋអាមេរិក បានរត់គេចយ៉ាងស្លន់ស្លោរកាលពីយប់ថ្ងៃសៅរ៍ នៅពេលសំណង់សត្វនាគយក្សបែបគំនូជីវចល ត្រូវបានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ។
វីដេអូតាមបណ្ដាញសង្គម បង្ហាញពីសំណង់នាគព្រួសភ្លើង Maleficent កម្ពស់១៣ម៉ែត្រ ត្រូវបានភ្លើងឆាបឆេះ បំផ្លាញយ៉ាងសន្ធោរសន្ធៅ ខណៈក្រុមពន្លត់អគ្គិភ័យព្យាយាមពន្លត់អណ្ដាតភ្លើង។
អគ្គិភ័យបានកើតឡើងអំឡុង ការសម្ដែង Fantasmic ជាការសម្ដែងផ្ទាល់ បង្ហាញពីការបាញ់ទឹក កាំជ្រួចភ្ញី និង Mickey Mouse(កណ្តុរមីកគី)។
ពុំមាននរណាម្នាក់រងរបួសទេ អំឡុងអគ្គិភ័យនោះ។
នៅឆាកមួយ ការផ្ទុះឆេះដ៏ធំមួយចេញពីនាគ យក្ស ខណៈហ្វូងមនុស្សអាចលឺសំឡេងភ្ញាក់ផ្ញើល ហើយបុគ្គលិកសួននេះ បានស្រែកឲ្យចាកចេញពីតំបន់នោះ។
ក្រុមហ៊ុន Disney បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ដោយសារតែផ្សែងក្រាស់ពេក ក្រុមអ្នកគ្រប់គ្រងនៅសួននេះ ត្រូវបានជម្លៀសចេញពីទីតាំងមួយចំនួនក្បែរនោះ ។
សេចក្ដីថ្លែងការណ៍ខាងលើបានបន្ថែមថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យកើតឡើងនៅកំពុងស៊ើបអង្កេតនៅឡើយ ហើយកន្លែងដែលមានអគ្គិភ័យស្រដៀងគ្នានឹងត្រូវផ្អាកគ្រប់សកម្មភាពកម្សាន្តទាំងអស់ជុំវិញពិភពលោក ដើម្បីជៀសវាងមានគ្រោះថ្នាក់ណាមួយ៕