
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៤ ខែមេសានេះ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ជាមួយភាគីពាក់ព័ន្ធជាច្រើន ក្នុងគោលដៅសំខាន់ឈានទៅការបង្កើត ផែនការសកម្មភាពគាំទ្រជនអូទីស្សឹមនៅកម្ពុជា។
ក្រៅពីវិស័យពិការភាពជាទូទៅ បច្ចុប្បន្ននេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងគិតគូបបន្ថែម លើបញ្ហាអូទីស្សឹម។ ជាក់ស្ដែងក្រសួងសង្គមកិច្ច ដោយមានការចូលរួមពីដៃគូពាក់ព័ន្ធ ក៏ដូចជាតំណាងអាណាព្យាបាលដែលមានកូនកើត បញ្ហាអូទីស្សឹម បានជួបពិភាក្សាគ្នា ក្នុងសិក្ខាសាលាថ្នាក់ជាតិ ក្នុងគោលបំណងសំខាន់បង្កើតឱ្យមានផែនការជាក់លាក់គាំទ្រដល់ជនអូទីស្សឹមនៅកម្ពុជា។
ក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកឡើងថាបច្ចុប្បន្ន សម្រាប់វិស័យពិការភាពនៅកម្ពុជា គឺសម្រេចបានសមិទ្ធផលគាប់ប្រសើរជាច្រើន។ ប៉ុន្តែកម្ពុជា នៅប្រឈមបញ្ហាមួយចំនួន ពិសេសបញ្ហាក្នុងចំណោមជនមានពិការភាពគំហើញ ជនមានអូទីស្សឹម និងជនខ្សោយសតិបញ្ញា ដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នាក្នុងការដោះស្រាយជាលក្ខណៈពហុវិស័យ។
ក្នុងសិក្ខាសាលាដដែលនេះ ឯកឧត្តមក៏បានលើកឡើងនូវចំណុចសំខាន់មួយចំនួន សម្រាប់ពិចារណាកំណត់រៀបចំជាផែនការជាក់គាំទ្រដល់ជនអូទីស្សឹមផងដែរ។ ចំណុចទី១ លើកកម្ពស់ការយល់ដឹងនៅគ្រប់កម្រិត តាមរយៈមធ្យោបាយផ្សេងៗ រួមទាំងការរៀបចំទិវាអូទីស្សឹម។ ចំណុចទី ២ គឺពង្រឹងលទ្ធភាពទទួលបានការអប់រំ ទាំងនៅកម្រិតមត្តេយ្យ បឋមសិក្សានិងមធ្យមសិក្សា។ ចំណុចទី ៣ គឺធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសុខភាព និងស្តារលទ្ធភាពពលកម្ម រួមទាំងការបង្កើននិងរៀបចំឱ្យមានធនធានអ្នកវិជ្ជាជីវៈ។ ចំណុចទី ៤ គឺគាំទ្រឱកាសសម្រាប់មុខរបរនិងការងារ ទាំងក្នុងវិស័យសាធារណៈ និងឯកជន។
បើផ្អែកលើមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យ បានផ្ដល់និយមន័យ អូទីស្សឹម ជាវិបល្លាសអស់មួយជីវិតនៃការលូតលាស់ ព្រមទាំងមានភាពអន់ខ្សោយនូវ ៣ចំណុចសំខាន់ៗ រួមមានជំនាញសង្គម ជំនាញទំនាក់ទំនង និងមានអាកប្បកិរិយាដដែលៗហើយជាក់លាក់។
លើសពីនេះកុមារមានបញ្ហាអូទីស្សឹម តែងមានការពាក់ព័ន្ធទៅនឹងបញ្ហាលំបាកផ្សេងៗទៀតដូចជា ជំងឺប្រកាច់ ការរពឹសនៅមិនស្ងៀម ឬពិការភាពបញ្ញា៕ អត្ថបទ៖ គឹមហុក