
អ្នកអាជីព និងសហការី ២រូប ដែលនៅបម្រើការក្នុងហាងលក់សម្លៀកបំពាក់ បានមមាញឹកខ្លាំងនាពេលរសៀលនៅទីលានបាញ់កាំភ្លើង South Shore Shooting Range។
ស្នូរគ្រាប់កាំភ្លើងដ៏សន្ធាប់ អាចឮបាននៅក្រៅចំណតរថយន្តកាលពីថ្ងៃព្រហស្បតិ៍ នៅតាមផ្លូវស្ងាត់អមដោយដើមឈើធំៗ និងលំនៅស្ថានមានអាងហែលទឹកនៅសួនច្បារខាងក្រោយ ស្ថិតក្នុងតំបន់ជាយក្រុង Islip សហរដ្ឋអាមេរិក។
នាង Jenn និងនាង Shelby គឺជាមិត្តភ័ក្តិនឹងគ្នាដែលមិនចង់ប្រើនាមត្រកូលរបស់ពួកគេ បានឈរលើច្រកបាញ់កាំភ្លើងក្នុងអគារ ពាក់កាសទប់សំឡេងរំខាន និងវ៉ែនតាការពារ ពេលដែលពួកគេតម្រង់ចុងកាណុងកាំភ្លើងវែង និងកាំភ្លើងខ្លីឲ្យចំគោលដៅដែលតំណាងឲ្យខ្លួនមនុស្ស។
នាង Jenn ដែលមានការអនុញ្ញាតឲ្យប្រើប្រាស់អាវុធ ហើយនៅមិនទាន់សម្រេចចិត្តថាតើកាំភ្លើងខ្លីដំបូងរបស់នាងជាប្រភេទអ្វីនោះ និយាយថា ខ្ញុំមិនមែនជាអ្នកថ្មីថ្មោងនោះទេ ។ គ្រាន់តែចាប់ផ្តើម និងរកទិញអាវុធ។
នាងបន្តថា ខ្ញុំព្យាយាមហាត់បាញ់កាំភ្លើងនៅទីលានបាញ់ ។ ខ្ញុំមិននិយាយថា ខ្ញុំជាអ្នកចូលចិត្តនោះទេ ប៉ុន្តែគ្រាន់តែព្យាយាមរៀនបាញ់កាំភ្លើង។ នាង Jenn និងនាង Shelby ស្ថិតក្នុងចំណោមចំនួនពលរដ្ឋអាមេរិកកើនឡើង ពិសេសស្ត្រី និងជនជាតិស្បែកខ្មៅ សម្រុកទៅហាងលក់អាវុធ ដែលភាគច្រើននៃពួកគេ គឺជាអ្នកដំបូងដែលពុំធ្លាប់ទិញអាវុធកាលពីមុន។
ការចាប់អារម្មណ៍ខ្ពស់លើអាវុធ បានកើតមានឡើង ស្របពេលមានករណីបាញ់ប្រហារទ្រង់ទ្រាយធំដ៏គួររន្ធត់នៅទូទាំងសហរដ្ឋអាមេរិក ។ កាលពីរយៈពេល ២សប្តាហ៍មុន មនុស្ស ៤នាក់ បានរងការបាញ់ប្រហារ ករណីបាញ់សម្លាប់មួយកើតមាននៅទីក្រុង Kansas រដ្ឋ New York និងករណីមួយទៀត កើតឡើងនៅរដ្ឋ Texas ដោយគ្រាន់តែពួកគេ ច្រឡំដោយអចេតនាចូលផ្ទះខុស ឬបើកទ្វារខុស ប៉ុណ្ណោះ ៕
