
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ (២៤មេសា) សម្រាប់កិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី Joe Biden ខណៈដែលលោកកំពុងចាត់វិធានការប្រឆាំងនឹងការគំរាមកំហែងដោយនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើងឥតឈប់ឈរ។
ដំណើរទស្សនកិច្ចដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៤ ដល់ ២៩ ខែមេសា នឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់សហរដ្ឋអាមេរិកដោយមេដឹកនាំកូរ៉េខាងត្បូងក្នុងរយៈពេល ១២ឆ្នាំ ព្រមទាំងរំលឹកខួបលើកទី៧០ នៃសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរផងដែរ។
លោក Yoon បាននិងកំពុងជំរុញឱ្យមានការពិភាក្សារបស់ទីក្រុងសេអ៊ូលក្នុងប្រតិបត្តិការសម្រាប់សន្ធិសញ្ញាការពាររបស់សហរដ្ឋអាមេរិក គឺជាឆ័ត្រការពារដោយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីធានាសន្តិសុខសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន ខណៈដែលទីក្រុងព្យុងយ៉ាងប្រឹងប្រែងពន្លឿនសមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារទៅគ្រប់ទីកន្លែងក្នុងទឹកដីសហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចរបស់លោក Yoon ក៏កើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំងពីប្រទេសលោកខាងលិចក្នុងការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនផងដែរ។