ភ្នំពេញ៖ ពិធីព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ ជាមួយកំណត់ត្រាថ្មី ក្នុងការដង្ហែលើចម្ងាយផ្លូវជិត ៦គីឡូម៉ែត្រ ដែលឆ្ងាយជាងបណ្ដាប្រទេសផ្សេងៗ និងមានអ្នកចូលរួមជាង ១,៥០០នាក់ ដែលចូលរួមដង្ហែផ្ទាល់ និងឈរអបអរសាទរតាមដងផ្លូវ ពីស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងច័ន្ទន៍ ឆ្ពោះទៅចេតិយវត្ត Pra That Laung ។
ពិធីដង្ហែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ និងមានការចូលរួមពីឯកឧត្តម Atsaphangthong Siphansone អភិបាលរដ្ឋធានីវៀងច័ន្ទន៍, ឯកឧត្តម Slunaxay Sounnalath រដ្ឋមន្ដ្រីការិយាល័យនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រីឡាវ រួមទាំងមន្ដ្រីជាន់ខ្ពស់ឡាវ និងឯកអគ្គរាជទូតបណ្ដាប្រទេសក្នុងតំបន់ប្រចាំទីក្រុងវៀងច័ន្ទន៍ជាច្រើនផងដែរ៕





