
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យអ្នកនយោបាយជើងចាស់មួយរូប សព្វថ្ងៃកំពុងរត់ចោលស្រុកនោះ ប្រៀបបានដូចជាក្មេងបៀមដៃ ខណៈបុគ្គលរូបនេះតែងតែលើកឡើងម្តង ហើយម្តងទៀតថា សម្តេចជាមនុស្សល្ងង់ ប៉ុន្តែខ្លួនបែជាឲ្យសម្តេចប្រើបាន រួមទាំងជួយពង្រឹងអំណាចដល់សម្តេច និងគណបក្សប្រជាជនកម្ពុជាទៅវិញ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមានការហួសចិត្តយ៉ាងខ្លាំងចំពោះបុគ្គលមួយរូប(ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី) ដែលបានប្រមាថសម្តេចថា មានរាសីទាបជាងគេ និងល្ងង់ជាងគេ ប៉ុន្តែបុគ្គលនោះប៉ងប្រាថ្នាចង់ធ្វើជានាយករដ្ឋមន្រ្តី ជាយូរណាស់មកហើយ តែមិនបានសម្រេច ខណៈគេថាសម្តេចរាសីទាបជាងគេ បែរជាបានធ្វើនាយករដ្ឋមន្រ្តីរហូតមក ដោយសារតែមានការជឿជាក់ពីបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា មានសត្រូវដែលមានការ វៃឆ្លាតគឺល្អជាងមានមិត្តដែលល្ងង់ និងខ្សោយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសត្រូវ សម្តេចមួយរូប ដែលកំពុងរត់ចោលស្រុកនោះ គឺជាបុគ្គលល្ងង់បំផុត ខណៈគេកំពុងរាំវង់ តែបែរជាបុគ្គលនោះ ទៅរាំបទស្នូទៅវិញ៕អត្ថបទបាន ចក់