
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយសម្ដេចសង្កេតឃើញការវិភាគរបស់មន្រ្ដីមួយចំនួននាពេលបច្ចុប្បន្ននេះនៅមានកម្រិត សម្ដេចមានបំណងបង្រៀន អំពីវិធីសាស្រ្ដវិភាគជាបទពិសោធន៍ផ្ទាល់របស់សម្ដេចដែលបានឆ្លងកាត់ក្នុងការដឹកនាំប្រទេសកម្ពុជាកន្លងមកទៅ ដល់មន្រ្ដីគណបក្សប្រជាជនកម្ពុជា នាថ្ងៃខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញប្រគល់សញ្ញាបត្រដល់ គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិអប់រំ។
សម្ដេចតេជោ បានមានប្រសាសន៍ថា វិធីសាស្រ្ដនៃការវិភាគត្រឹមត្រូវ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្រ្ដីនៅក្នុងការដឹកនាំធ្វើកិច្ចការងារផ្សេងៗ ជាពិសេសទាក់ទងទៅនឹងការវិភាគសភាពការណ៍ និងស្ថានការណ៍នានាដែលអាចនឹងកើតមានឡើង។
សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះគណបក្សប្រជាជនមានការបង្រៀនលើការវិភាគនេះហើយ ប៉ុន្ដែមានចំណុចសំខាន់ៗមួយចំនួនគឺសម្ដេចចង់បង្រៀនដោយផ្ទាល់តែម្ដង ដែលជាបទពិសោធន៍ផ្ទាល់របស់សម្ដេចបាននិពន្ធចេញមក ជាពិសេសវិធីសាស្រ្ដក្នុងការដឹកនាំ ដើម្បីទុកជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់មន្រ្ដីរាជការក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យបានល្អដល់ប្រជាពលរដ្ឋ៕ អត្ថបទ៖វ៉ន ដារ៉ា