ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានបញ្ជាក់ឲ្យដឹងថា ក្រសួងកសិកម្ម បាន និងកំពុងត្រៀមរៀបចំពិធីសម្ពោធ ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាដោយផ្ទាល់ និងជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ដែលមានបរិមាណបឋមប្រមាណជា ១០ ម៉ឺនតោន ក្នុង១ឆ្នាំ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជក់ទៀតថា បញ្ហាកូវីដបានធ្វើរាំងស្ទះ និងយឺតយ៉ាវដល់កាងារនៅក្រោយការចុះបញ្ជីសារជិត១ឆ្នាំ ប៉ុន្តែកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលចិនតាមរយៈរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការហើយ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិននេះ។ ហើយតាមរយៈសមត្ថភាពរោងចក្រវេចខ្ចប់ទាំង៥នេះ កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់បានប្រមាណតែ ១០ ម៉ឺនតោនប៉ុណ្ណោះ ក្នុង១ឆ្នាំ។ ប៉ុន្តែឯកឧត្តមរំពឹងថា កម្ពុជានឹងមានការដំឡើងរោងចក្រវេចខ្ចប់ស្វាយធំៗជាច្រើនទៀត ដែលអាចទទួលបានការទទួលស្គាល់ពីរដ្ឋបាលគយចិន ដែលអាចនឹងមានការកើនឡើងបរិមាណកាន់តែច្រើនទៀតផងដែរ។
ចំណែកពិធីសម្ពោធនាំស្វាយចេញនេះ នឹងធ្វើឡើងនៅក្រុមហ៊ុន AL JAZEELAN FOOD PTE., LTD អាគារលេខ ៧២២ ផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ឯកឧត្តម បានបន្តទៀតថា នេះជាលើកទី២ហើយដែលកម្ពុជា បាននាំផ្លែឈើស្រស់ដោយផ្ទាល់ចេញទៅប្រទេសចិន បន្ទាប់ពីការនាំចេញផ្លែចេកស្រស់ កាលពីជិត២ឆ្នាំមុន។ ហើយការនាំចេញនេះ ឯកឧត្តមថា កម្ពុជាបានធ្វើការចរចារជាមួយចិនជាបន្តបន្ទាប់ ដោយប្រើរយៈពេលអស់ជិត ៣ឆ្នាំ ទម្រាំឈានដល់ការរៀបចំចុះពិធីសារ និងការព្រមព្រៀងឲ្យនាំចេញ កាលពីថ្ងៃទី ៩មិថុនា ២០២០។ ហើយបន្ទាប់ពីនោះ កម្ពុជានៅជាប់បំពេញលក្ខខណ្ឌ និងកាតព្វកិច្ចជាច្រើនទៀត ដែលទាក់ទងនឹងចម្ការ និងរោងចក្រវេចខ្ចប់ស្វាយ ដោយរាប់បញ្ចូលចាប់ពីការដាំដុះ រហូតដល់ការវេចខ្ចប់ ឲ្យបានសមស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសចិន។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ដែរថា ប្រទេសកម្ពុជាគិតត្រឹមឆ្នាំ ២០២០ មក ការដាំដុះដាំណាំស្វាយមានការកើនឡើងរហូតដល់ជាង ១៣ ម៉ឺនហិកតា ដែលអាចទទួលផលប្រមាណពី ១.៦ លានតោន ដល់ ១.៧ លានតោន។ ហើយកន្លងទៅនេះ ទោះបីជាកម្ពុជាមិនទាន់ទទួលបានការអនុម័តនាំចេញទៅកាន់ប្រទេសចិនក្តី ក៏នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសជិតខាងបានប្រមាណ ៩៧ ម៉ឺនតោនដែរ ហើយសម្រាប់ឆ្នាំ២០២១នេះ រំពឹងថា ការនាំចេញទៅប្រទេសជិតខាង នឹងអាចកើនឡើងដល់ជាង ១ លានតោន៕ អត្ថបទ ៖ ពៅយី