ចិន៖ ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទទី២៤មេសាថា ប្រទេសចិន គោរពឋានៈរបស់បណ្ដារដ្ឋអតីតសហភាពសូវៀត ជាប្រទេសមានអធិបតេយ្យភាព ជាការដកខ្លួនឯងចេញពីការអត្ថាធិប្បាយដោយប្រេសិតពិសេសរបស់ខ្លួនប្រចាំនៅទីក្រុងប៉ារីស ដែលបានបង្កឲ្យមានការផ្ទុះកំហឹងក្នុងចំណោមប្រទេសមួយចំនួនជាសមាជិករបស់សហភាពអឺរ៉ុប។
រដ្ឋមន្ត្រីការបរទេសមួយចំនួនរបស់ប្លុកសហភាពអឺរ៉ុប បាននិយាយថា ការធ្វើអត្ថាធិប្បាយដោយឯកអគ្គរដ្ឋទូតចិន លោក លូ ស្ហាយឹ (Lu Shaye) ដែលលោកបានចោទជាសំណួរអំពីអធិបតេយ្យភាពរបស់អ៊ុយក្រែន និងបណ្ដារដ្ឋអតីតសហភាពសូវៀតដទៃទៀត គឺមិនអាចទទួលយកបានឡើយ និងបានស្នើឲ្យទីក្រុងប៉េកាំងបញ្ជាក់ពីជំហររបស់ខ្លួន។
ដោយត្រូវបានសួរថា តើការអត្ថាធិប្បាយរបស់លោកលូ បានបង្ហាញពីជំហរជាផ្លូវការរបស់ចិន ដែរឬទេ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បាននិយាយថាទីក្រុងប៉េកាំង គោរពឋានៈរបស់បណ្ដារដ្ឋអតីតសហភាពសូវៀត ជាប្រទេសមានអធិបតេយ្យភាព ក្រោយការដួលរលំសហភាពសូវៀត។
លោកស្រី Mao បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា រាល់ការអត្ថាធិប្បាយរបស់លោកស្រីស្ដីពីអធិបតេយ្យភាពសុទ្ធតែតំណាងឲ្យជំហរផ្លូវការរបស់រដ្ឋាភិបាល។ ក្រោយមកស្ថានទូតចិននៅក្នុងទីក្រុងប៉ារីស បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដើម្បីនិយាយថា ការអត្ថាធិប្បាយរបស់លោក លូ ស្ដីពីអ៊ុយក្រែន មិនមែនជាអំណះអំណាងខាងនយោបាយទេ តែជាការបង្ហាញពីទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ៕
