ប៉ាគីស្ថាន៖ នគរបាលនិយាយថា ការផ្ទុះ២លើកនៅឃ្លាំងស្តុកគ្រាប់រំសេវប្រឆាំងភេរវកម្ម នៅប្រទេសប៉ាគីស្ថានភាគពាយ័ព្យ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៣នាក់ស្លាប់ និងរងរបួសជាង៥០នាក់ កាលពីថ្ងៃចន្ទ។
លោក Akhtar Hayat មន្ត្រីជាន់ខ្ពស់នគរបាលនិយាយថា ការផ្ទុះ បានធ្វើឲ្យរញ្ជួយការិយាល័យប្រឆាំងភេរវកម្ម នៅតំបន់ជ្រលងភ្នំ Swat ភាគពាយ័ព្យ ដែលកាលពីពេលមុន ត្រូវបានគ្រប់គ្រងរយៈពេលយូដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម មុនពេលពួកគេត្រូវបានបោសសម្អាតចេញក្នុងប្រតិបត្តិការយោធាក្នុងឆ្នាំ២០០៩ ។
អ្នកនាំពាក្យរបស់លោក បាននិយាយនៅក្នុងសចក្តីថ្លែងការណ៍ថា គ្រាប់រំសេវ បានឆាបឆេះ ដែលបញ្ហានេះភាគច្រើនប្រហែលជាដោយសារតែការឆ្លងចរន្តអគ្គិសនី។ គ្មានភស្តុតាងនៃការវាយប្រហារពីខាងក្រៅដែលបានកើតឡើងនោះទេរហូតមកដល់ពេលនេះ។
នគរបាល និងយោធា ប្រទេសប៉ាគីស្ថាន មានវត្តមានច្រើននៃបុគ្គលិកប្រឆាំងភេរវកម្មនៅក្នុងតំបន់ជ្រលងភ្នំនេះ ជាទីកន្លែងកំណើតរបស់លោក Mullah Fazlullah អតីតប្រមុខក្រុមតាលីបង់ប៉ាគីស្ថាន ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស ក្នុងប្រទេសអាហ្វហ្គានីស្ថានដែលនៅជិតខាងក្នុងឆ្នាំ២០១៨។
លោក Hayat និយាយថា អ្នកនាំពាក្យនិយាយថា ទិដ្ឋភាពផ្សេងទៀតនៃការផ្ទុះនេះ កំពុងត្រូវបានស៊ើបអង្កេត។ ភាគច្រើននៃអ្នកដែលបានស្លាប់ក្នុងការផ្ទុះនេះ គឺជាមន្ត្រីនគរបាលប្រឆាំងភេរវកម្ម ហើយស្ត្រីម្នាក់ និងកូនរបស់នាង ដែលដើរឆ្លងកាត់ជិតអគារនោះ បានស្លាប់ផងដែរ។ មន្ត្រីរដ្ឋបាលមន្ទីរពេទ្យម្នាក់ និយាយថា ខាងមន្ទីរពេទ្យបានទទួលអ្នករងរបួសជាច្រើនដើម្បីព្យាបាល ដែលមួយចំនួនក្នុងចំណោមពួកគេរងរបួសធ្ងន់៕

