អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទទី២៤មេសាថា ហានីភ័យនៃជម្លោះរវាងមហាអំណាចពិភពលោកគឺស្ថិតនៅចំណុចខ្ពស់ជាប្រវត្តិសាស្ត្រ ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានថា ពិភពលោកស្ថិតនៅក្នុងកម្រិតដែលអាចមានគ្រោះថ្នាក់កាន់តែខ្លាំងជាងអំឡុងសង្រ្គាមត្រជាក់ទៅទៀត។

លោក Guterres ដែលបានអង្គុយក្បែរលោក Lavrov នៅក្នុងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានរិះគន់ការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន ថាជាដើមចមនាំឲ្យមានការរងទុក្ខខ្លាំង និងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសនេះ និងប៉ះពាល់ដល់សេដ្ឋកិច្ចសកលដែលបានរងភាពរង្គោះរង្គើស្រាប់ដោយសារការឆ្លងរាតត្បាតសកលនៃវីរុសកូរ៉ូណា។
លោក Guterres បានប្រាប់កិច្ចប្រជុំមានសមាជិក១៥ប្រទេស ស្ដីពីពហុភាគីនិយម និងការបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិថា ភាពតានតឹងរវាងមហាអំណាចធំៗ គឺកំពុងឈានដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ។ ដូច្នេះហានិភ័យនៃការផ្ទុះជម្លោះ នឹងកើតឡើងតាមរយៈឧបទ្ទវហេតុ និងការគណនាខុស។

គួរឲ្យដឹងថា លោក Lavrov បានធ្វើជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សានេះដោយសាររុស្ស៊ី កាន់តំណែងជាប្រធានប្ដូរវេនប្រចាំខែសម្រាប់ខែមេសានេះ៕