ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ "នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគ កែច្នៃ និងអនុវត្ត" នៅវិទ្យាល័យតេជោ សៀមប៉ាង ខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។
នាឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា ក្នុងនាមរាជរដ្ឋាភិបាល សូមសម្ដែងនូវការអបអរសាទរជាមួយប្រជាជាតិ និង ពិភពលោកទាំងមូលចំពោះការប្រារព្ធទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលនឹងព្រឹត្តទៅនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងបង្ហាញឲ្យឃើញអំពីពេលវេលាដែលត្រូវធ្វើឲ្យគ្រុនចាញ់សូន្យពីពេលនេះ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តសកម្មភាពពីគ្រប់មជ្ឈដ្ឋានជាចាំបាច់ សម្រាប់ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៥ និងក្នុងពិភពលោកនា ឆ្នាំ២០៣០។ ពិតណាស់ ជំងឺគ្រុនចាញ់បានកើតឡើងដោយសារតែសត្វមូសដែកគោលជាភ្នាក់ងារខាំបឺតឈាមចម្លង មេរោគទៅមនុស្សបង្កជាបញ្ហាព្រួយបារម្ភចម្បងសម្រាប់សុខភាពសាធារណៈ និងសង្គម តាមរយៈកត្តាប៉ះពាល់ យ៉ាងខ្លាំងលើសុខភាព ខាតបង់ការងារ ខាតបង់ផលិតភាព ខាតបង់ថវិកា សេដ្ឋកិច្ចសង្គមធ្ងន់ធ្ងរ និងយាយីដល់ អាយុជីវិតគ្រប់ពេល។ ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុម័ត ដាក់ចេញជាផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ដែលជាត្រីវិស័យនៃជ្រុងមួយ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជា ក្រោមដំបូលនៃសន្តិភាព និងស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ដែលបាន ប្រសូត្រចេញពីថ្ងៃរំដោះជាតិ ៧ មករា ១៩៧៩ និងមាគ៌ានយោបាយឈ្នះឈ្នះ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រតិបត្តិ ការវិនិយោគ កែច្នៃ និងអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាកំពុងសម្រេចបានជោគជ័យនូវ វឌ្ឍនភាពសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ដោយឆ្នាំ២០១៦ ត្រូវបានបញ្ឈប់លែងឱ្យមានភាពស៊ាំថ្នាំសម្លាប់មេរោគ គ្រុនចាញ់ និងឆ្នាំ២០១៨ មកដល់បច្ចុប្បន្នគ្មានមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់ ឯករណីឈឺដោយជំងឺ គ្រុនចាញ់ត្រូវបានកាត់បន្ថយជាលំដាប់ពីជាង ១១ម៉ឺនករណីឈឺ និងស្លាប់ជាង៥០០នាក់ ជាមធ្យមប្រចាំឆ្នាំ ក្នុងអំឡុងទសវត្សរ៍មុនឆ្នាំ២០១១ មកសល់ ៤០៤១ករណីឈឺ នៅឆ្នាំ២០២២។ ទន្ទឹមគ្នានឹងវឌ្ឍនភាពសមិទ្ធផលជោគជ័យទាំងនេះ ក៏យើងនៅមិនត្រូវភ្លេចខ្លួនទេ ព្រោះយើង មិនទាន់សម្រេចគោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយនោះទេ រីឯករណីជំងឺគ្រុនចាញ់ ប្រភេទហ្វាល់ស៊ីប៉ារ៉ូម (ឬហៅថា គ្រុនចាញ់សន្ធំ នៅមានវត្តមាននៅឡើយក្នុងការគំរាមកំហែងដល់អាយុជីវិត សាធារណជនគ្រប់ពេល ពិសេសប្រជាជនដែលចូលទៅតំបន់ព្រៃភ្នំទាញយកអនុផលព្រៃភ្នំ អេកូទេសចរណ៍ធម្មជាតិ ឬរស់នៅក្នុងភូមិសាស្ត្រប្រឈមការចម្លងជំងឺគ្រុនចាញ់ ក្រោមវត្តមានភ្នាក់ងារចម្លងសត្វមូសដែកគោល។ សកម្មភាពលើកកម្ពស់ការយល់ដឹងសាធារណជនឱ្យផ្លាស់ប្តូរផ្នត់គំនិត មកជាសកម្មភាពចូលរួមអនុវត្តពេញលេញ រៀងៗខ្លួន ដើម្បីទទួលបាននូវសុខភាពបរិបូណ៌គ្រប់រូប សហគមន៍មានអនាម័យល្អ បរិស្ថានស្អាត និងសេដ្ឋកិច្ចសង្គម គ្រួសារគាប់ប្រសើរ រួមទាំងវិធានការបង្ការជំងឺ គ្រប់គ្រងស្ថានភាពករណីជំងឺ និងស្វែងរកសេវាថែទាំសុខភាព ត្រឹមត្រូវ គឺជាកត្តាត្រូវការចាំបាច់របស់ប្រជាជនគ្រប់រូប និងសង្គមជាតិ ពិសេសតាមរយៈការផ្តល់អាទិភាព យកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍ទីជនបទ ឬតំបន់ឆ្ងាយដាច់ស្រយាលប្រឈមងាយរងគ្រោះ ដូចជាប្រជាជន ក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ជនជាតិដើមភាគតិច ជនចំណាកស្រុកជាដើម។ ក្នុងឱកាសទិវាដ៏វិសេសវិសាលនេះ ក៏សូមអំពាវនាវឱ្យស្មារតីបំពេញកាតព្វកិច្ចដ៏អង់អាចក្លាហាននេះស្ថិតនៅជា រៀងរហូតជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងប្រជាជន ព្រមទាំងសូមឱ្យក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ទាំងអស់ វិស័យឯកជន អង្គការនានា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហគមន៍ជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ ដៃគូអនុវត្ត និងប្រជាជនគ្រប់រូប សូមបន្តចូលរួមអនុវត្ត និងគាំទ្រដល់បេសកកម្មផែនការលុបបំបាត់ ជំងឺគ្រុនចាញ់រហូតទទួលបានជោគជ័យទាំងស្រុង ពិសេសសូមឱ្យក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ អាជ្ញាធរ មូលដ្ឋាន ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ត្រូវតែផ្តល់ជូនដល់សាធារណៈនូវគ្រុនចាញ់សូន្យតាមភូមិសាស្ត្រ នីមួយៗចាប់ពីពេលនេះតទៅ តាមរយៈយន្តការបន្តការវិនិយោគ បន្តកែច្នៃស្វែងរកប្រសិទ្ធភាព និងប្រែក្លាយការ យល់ដឹងមកជាការអនុវត្តជាក់ស្តែងជាប្រចាំ ដោយប្រជាជនប្រឈមងាយរងគ្រោះគ្រប់រូបមិនឱ្យខ្វះចន្លោះ នរណាម្នាក់ឡើយលើរាល់មធ្យោបាយ និងវិធីសាស្ត្រយុទ្ធសាស្ត្រដែលកំពុងមាន តាមបរិបទបត់បែនទន់ភ្លន់ ក្នុងការបញ្ជ្រាបសារអប់រំសុខភាព ការផ្សព្វផ្សាយវិធានបង្ការ ការផ្គត់ផ្គង់បរិក្ខារ និងការលើកទឹកចិត្ត រួមទាំង សកម្មភាពចូលរួមពីគ្រប់មជ្ឈដ្ឋាន កំណត់អត្តសញ្ញាណប្រជាជនប្រឈមសង្ស័យជាករណីជំងឺគ្រុនចាញ់ ដែល ចាំបាច់ត្រូវរាយការណ៍ ឬបញ្ជូនទៅសេវាសាធារណៈ និងផ្តល់សេវាសុខភាពជូនករណីអ្នកជំងឺគ្រុនចាញ់ដោយ មិនយកកម្រៃជាកំហិតផងដែរ ៕ អត្ថបទ៖ រដ្ឋា




















